រដ្ឋធានីកៀវ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា ក្រុងកៀវ មានកម្លាំងទ័ពដ៏ក្លាហាន និង ធនធានជាច្រើន សម្រាប់ទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីកម្លាំងទាហានរុស្ស៊ី នាពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន  Aljazeera នៅថ្ងៃទី០៦ កុម្ភៈ ២០២៣។

លោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា សម្ពន្ធមិត្តរបស់អ៊ុយក្រែន នឹងយល់ព្រមផ្តល់យន្តហោះចម្បាំង សម្រាប់ប្រយុទ្ធជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី ទោះបីជាមានការអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់មេដឹកនាំលោកខាងលិច បានលើកឡើងថា យន្តហោះចម្បាំង នឹងមិនមកដល់ នាពេលខាងមុខនេះយ៉ាងណាក៏ដោយ។

លោករដ្ឋមន្រ្ដី បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានថា រុស្ស៊ី នឹងចាប់ផ្ដើមវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប៉ុន្ដែកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ធនធានរបស់ប្រទេសនេះ អាចទប់ទល់នឹងការវាយប្រហារបែបនេះបាន។ យោធារបស់ក្រុងកៀវ នឹងរារាំងដល់សកម្មភាពយោធារបស់ក្រុងមូស្គូ បើទោះជារថក្រោះ និង ប្រព័ន្ធគ្រឿងសព្វាវុធផ្សេងៗទៀត មកពីលោកខាងលិច នៅតែមិនបានមកដល់ទាន់ពេលយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរហូតមក ក្រុមមន្ត្រីលោកខាងលិច បានច្រានចោលនូវសំណើមួយចំនួនរបស់អ៊ុយក្រែន ដូចជា មីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈរថក្រោះប្រយុទ្ធធុនធ្ងន់ដ៏ទំនើប ទើបយល់ព្រម នាពេលនេះ។ ប៉ុន្ដែលោកខាងលិច នៅតែបដិសេធ ផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗនៅឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ