អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាតាមចាប់ខ្លួនអ្នកទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯអាកាសយានដ្ឋានកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលអោយទាហានអាមេរិក១៣នាក់ស្លាប់ ប៉ុន្តែលោកថា សហរដ្ឋអាមេរិកនឹងមិនផ្អាកប្រតិបត្តិការជម្លៀសជនស៊ីវិលរាប់ពាន់នាក់ចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន Reuters ៕

លោក ចូ បៃដិន បានថ្លែងសារទៅកាន់ពលរដ្ឋអាមេរិក ដោយសន្យាតាមសងសឹកអ្នកបញ្ជាអោយវាយប្រហារនៅទីក្រុងកាប៊ុល ដែលសម្លាប់ទាហានអាមេរិកយ៉ាងហោចណាស់១៣នាក់ និងរបួស១៥នាក់។

បន្ថែមលើនេះ លោក បៃដិន ក៏បានបញ្ជាអោយរៀបចំផែនការវាយប្រហារលើក្រុមភេរវករ ISIS-K ផងដែរ ដោយវាយប្រហារមេដឹកនាំ និងទីតាំងរបស់ពួកគេ តាមពេលវេលាដែលអាមេរិកយល់ថា សមស្រប។

លោកបន្ថែមថា យើងនឹងមិនអភ័យទោសទេ… យើងនឹងមិនភ្លេចទេ… យើងនឹងតាមប្រមាញ់អ្នក… ហើយធ្វើឱ្យអ្នកសងជីវិតរបស់ពលរដ្ឋអាមេរិក។ លោកចូ បៃដិន បានថ្លែងទាំងអួលដើមករ និយាយអំពី “ វីរបុរស” ជនជាតិអាមេរិកដែលបានស្លាប់។ 

លើសពីនេះទៅទៀត លោក បៃដិន ក៏បានបញ្ជាឱ្យដាក់ទង់ជាតិនៅសេតវិមាន និងអគារសាធារណៈនៅទូទាំងប្រទេសត្រឹមពាក់កណ្តាល ដើម្បីរំលឹកដល់ទាហានអាមេរិកដែលបានស្លាប់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ