ទីក្រុងម៉ូស្គូ ព្រមានថា ការបិទខ្ទប់ប្រេងរបស់រុស្ស៊ីនឹងក្លាយជាមហន្តរាយសម្រាប់ទីផ្សារពិភពលោក
ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Aleksandr Novak បាននិយាយថា ការដកប្រេងរុស្ស៊ីចេញពីទីផ្សារនឹងធ្វើឱ្យតម្លៃថាមពលកើនឡើងដល់ជាង 300ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៨ មីនា ២០២២។
លោក Aleksandr Novak បន្ថែមថា រុស្ស៊ីមិនពឹងផ្អែកលើលោកខាងលិចទេ ហើយអាចប្តូរទិសការផ្គត់ផ្គង់របស់ខ្លួនទៅកន្លែងផ្សេងទៀត។ លោក Novak បានប្រាប់អ្នកសារព័ត៌មានថា ជាថ្មីម្តងទៀត "ការហាមឃាត់លើប្រេងរុស្ស៊ីនឹងនាំឱ្យមានផលវិបាកមហន្តរាយសម្រាប់ទីផ្សារពិភពលោក។
លោក Novak បន្ត ថា រុស្ស៊ីគឺជាដៃគូដែលអាចទុកចិត្តបាន សម្រាប់អឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងថា ទីក្រុងម៉ូស្គូបាននិងកំពុងផ្គត់ផ្គង់ដល់ប្រជាជាតិអឺរ៉ុបជាមួយនឹងតម្រូវការឧស្ម័នប្រហែល 40% របស់ពួកគេ។
លោក Aleksandr Novak បានបន្ថែមថា បន្ទាប់ពីតម្លៃឧស្ម័ននៅអឺរ៉ុបបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺរហូតដល់ 3,900ដុល្លារ ក្នុង 1,000ម៉ែត្រគូប ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងលើសពី 130ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍៕