AMSTERDAM៖ ប្រទេសហូឡង់កាលពីថ្ងៃអាទិត្យ បានចូលរួមយ៉ាងឆាប់រហ័សក្នុងបញ្ជីនៃបណ្តាប្រទេសដែលបានផ្អាកការប្រើប្រាស់វ៉ាក់សាំងកូវីត១៩ របស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីមានរបាយការណ៍លើផលប៉ះពាល់ដែលអាចកើតឡើងដោយមិនបានរំពឹងទុកពីការចាក់វ៉ាក់សាំង។
រដ្ឋាភិបាលហូឡង់បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងនេះនឹងមិនត្រូវបានប្រើប្រាស់រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ២៩ ខែមីនា ដើម្បីជាការប្រុងប្រយ័ត្ន។ ការប្រកាសនេះនឹងនាំឱ្យមានការពន្យារពេលក្នុងការចាក់ថ្នាំបង្ការនៅប្រទេសហូឡង់ដែលបានបញ្ជាទិញវ៉ាក់សាំងចំនួន ១២ លានដូសពីក្រុមហ៊ុន AstraZeneca ។ ដោយឡែក អាជ្ញាធរសុខាភិបាលបានកំណត់ពេលចាក់ថ្នាំ AstraZeneca ប្រហែល ២៩០.០០០ ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ។
រដ្ឋាភិបាលបានបន្តថា ការផ្លាស់ប្តូរដែលធ្វើតាមការសម្រេចចិត្តស្រដៀងគ្នាដោយប្រទេស អៀរឡង់នៅព្រឹកនោះគឺ ផ្អែកលើរបាយការណ៍ពីប្រទេសដាណឺម៉ាក និងន័រវែសអំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមាន។
អាជ្ញាធរសុខាភិបាលន័រវេសបាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកសុខាភិបាលចំនួន ៣ នាក់នៅក្នុងប្រទេសន័រវេស ដែលទើបតែទទួលបានវ៉ាក់សាំងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដោយសារការហូរឈាម កំណកឈាម និងកោសិកាឈាមទាប។
ផ្ទុយមកវិញ ក្រសួងសុខាភិបាលហូឡង់បាននិយាយថា មិនមានករណីបែបនេះត្រូវបានគេរកឃើញនៅឡើយទេនៅក្នុងប្រទេសហូឡង់។ លោកបន្ថែមថា មិនមានភ័ស្តុតាងណាមួយបញ្ជាក់ពីទំនាក់ទំនងផ្ទាល់រវាងវ៉ាក់សាំង និងរបាយការណ៍ពីដាណឺម៉ាក និងន័រវែសនោះទេ។
ឆ្លើយតបនឹងរឿងនេះ ក្រុមហ៊ុន AstraZeneca បាននិយាយកាលពីថ្ងៃអាទិត្យថា ការពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាពរបស់មនុស្សដែលបានចាក់វ៉ាក់សាំងជាមួយថ្នាំវ៉ាក់សាំងកូវីត១៩ របស់ខ្លួនមិនបានបង្ហាញពីភស្តុតាងនៃការកើនឡើងហានិភ័យនៃការកកឈាមនោះទេ។
កាលពីចុងសប្តាហ៍មុនរដ្ឋាភិបាលហូឡង់បាននិយាយថា គ្មានហេតុផលណាដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះទេព្រោះថា EMA បាននិយាយថា គ្មានការចង្អុលបង្ហាញថាវាអាចបណ្តាលឱ្យមានការកកឈាមនោះដែរ។
ប៉ុន្តែលោក De Jonge បាននិយាយថា ការសម្រេចចិត្តរបស់គាត់ត្រូវបានផ្តល់ដោយរបាយការណ៍ថ្មី ដែលឥឡូវនេះនឹងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) ។
ស្របតាមនឹងប្រទេសដាណឺម៉ាក ន័រវែស និងអៀរឡង់ អ៊ីស្លង់ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងលើបញ្ហាឈាមកកផងដែរ ខណៈដែលប្រទេសថៃបានក្លាយជាប្រទេសដំបូងនៅក្រៅអឺរ៉ុបដែលបានធ្វើដូច្នេះកាលពីថ្ងៃសុក្រ។
តំបន់ភាគខាងជើងនៃ Piedmont របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីគ្រូម្នាក់បានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការកាលពីថ្ងៃសៅរ៍។ អូទ្រីស ក៏ឈប់ប្រើ ចំពោះជាក់លាក់មួយកាលពីសប្តាហ៍មុន។