សហរដ្ឋអាមេរិកផ្អាកការផលិតវ៉ាក់សាំងរបស់ Johnson & Johnson នៅក្នុងរោងចក្រមួយជាបណ្តោះអាសន្នរហូតដល់ការស៊ើបអង្កេតមួយត្រូវបានបិទបញ្ចប់
អាមេរិក៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចផ្អាកការផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅឯរោងចក្រមួយក្នុងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ស្របពេលអាជ្ញាធរកំពុងស៊ើបអង្កេតលើកំហុសមួយ ដែលធ្វើឱ្យវ៉ាក់សាំងនេះរាប់លានដូសខូចខាតកាលពីខែមុន។ នេះបើយោងតាមប្រភព CNA
ការផ្អាកការផលិតនេះ ត្រូវបានគេមើលឃើញថា ជាការដាក់បន្ថែមសម្ពាធថ្មីទៀតលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលទើបតែត្រូវបានអាជ្ញាធរ និយ័តករអាមេរិកផ្អាកការប្រើប្រាស់ បន្ទាប់ពីរកឃើញថា អ្នកចាក់វ៉ាក់សាំងនេះដូសទី១មួយចំនួនមានបញ្ហាកំណកឈាមធ្ងន់ធ្ងរដ៏កម្រ។ ទន្ទឹមគ្នា ក្រុមហ៊ុន Johnson & Johnson បញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Emergent និងទីភ្នាក់ងារ FDA ដើម្បីដោះស្រាយរាល់បញ្ហាដែលរកឃើញនៅក្នុងការស៊ើបអង្កេត ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Emergent BioSolutions ដែលជាម្ចាស់រោងចក្រ Baltimore និងជាអ្នកផលិតវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson នោះ ទីភ្នាក់ងារ FDA បានស្នើឱ្យផ្អាកការផលិតកាលពីថ្ងៃទី១៦ ខែមេសា រហូតដល់ការស៊ើបអង្កេតត្រូវបិទបញ្ចប់ និងមានការជូនដំណឹងជាថ្មី ៕RT