ក្រុមហ៊ុនផលិតរថយន្ត Hyundai នៅប្រទេសកូរ៉េខាងត្បូង បានផ្អាកការផលិត ដោយសារតែកង្វះខាតបន្ទះឈីប
(សេអ៊ូល)៖ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់កូរ៉េខាងត្បូង Hyundai Motor Co បានប្រកាសថាខ្លួននឹងផ្អាកការផលិតរថយន្ត នៅរោងចក្រ Ulsan No.1 ក្នុងប្រទេសកូរ៉េខាងត្បូងមួយរយៈសិន ដោយសារតែកង្វះខាតនូវឈីប និងឧបករណ៍មួយចំនួនទៀត។
យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា រោងចក្រ Ulsan No.1 នឹងផ្អាកការផលិតចាប់ពីថ្ងៃទី៧ ខែមេសាខាងមុខនេះ ដោយក្នុងនោះ ហេតុ ផលចម្បងគឺកង្វះឈីប និងបញ្ហាផ្គត់ផ្គង់សមាសធាតុអគ្គិសនី និងអេឡិចត្រូនិក ដែលនាំឱ្យការផលិតមិនអាចធ្វើទៅបាន ដូច្នេះហើយទើប ក្រុមហ៊ុនសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្នសិន។
គួរបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះមានបញ្ហាគឺអ្នកផ្គត់ផ្គង់មិនអាច បំពេញទៅតាមតម្រូវការបាន ហើយកត្តាដែលនាំឱ្យ មិនអាចផ្គត់ផ្គង់តាមតម្រូវការបានគឺមកពីបញ្ហាដឹកជញ្ជូន និងកង្វះនូវផលិតផលពាក់កណ្ដាលសម្រេចមួយចំនួន ដូចជាកាមេរ៉ាមុខ សម្រាប់ រថយន្តម៉ូដែល Kona sport ជាដើម៕