តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ការគាំទ្រ ក៏ដូចជាជំនួយបន្ថែមទៀត ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ខណៈរដូវរងាដ៏លំបាកកំពុងខិតជិតចូលមកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៦ តុលា ២០២២។

លោក គីស៊ីដា បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារជាវីដេអូទៅកាន់សន្និសីទអន្តរជាតិ ស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ក្រោយសង្គ្រាម។ កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

នាឱកាសនោះដែរ លោក គីស៊ីដា បានរិះគន់ចំពោះការវាយប្រហារដោយមីស៊ីល និងថា ការគំរាមកំហែងរបស់រុស្ស៊ី ក្នុងការប្រើអាវុធនុយក្លេអ៊ែរ គឺ ជារឿងមិនអាចទទួលយកបានជាដាច់ខាត។ បន្ថែមលើនេះ លោក គីស៊ីដា ថែមទាំងបានជំរុញសហគមន៍អន្តរជាតិឲ្យរួបរួមគ្នា ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយបន្តគាំទ្រដល់អ៊ុយក្រែន។

មេដឹកនាំជប៉ុនរូបនេះបន្តបញ្ជាក់ទៀតថា បន្ថែមពីលើការផ្តល់ការការពារដល់ជនភៀសខ្លួន ប្រទេសរបស់គាត់ក៏នឹងផ្គត់ផ្គង់ឧបករណ៍ផ្តល់កំដៅ និងសម្លៀកបំពាក់កក់ក្តៅផងដែរ។

លោក គីស៊ីដា ក៏បានលើកឡើងផងដែរថា ប្រទេសជប៉ុននឹងចែករំលែកបច្ចេកវិទ្យា ដើម្បីកែច្នៃរបស់របរកំទេចកំទី ដែលខ្លួនទទួលបាន តាមរយៈបទពិសោធន៍នៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១ នៅប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា ជប៉ុននឹងធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រទេស G7 នាឆ្នាំក្រោយ ហើយខ្លួននឹងដឹកនាំការពិភាក្សាអន្តរជាតិ ស្តីអំពីការស្តារសន្តិភាព និងការសម្រេចបាននូវការកសាងប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ