កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចំពេលមានជម្លោះប្រដាប់អាវុធក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគឆ្ពោះទៅកាន់សមុទ្រខាងកើតនៅព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhab News នៅថ្ងៃទី២៧ កុម្ភៈ ២០២២។
ការបាញ់បង្ហោះចុងក្រោយបង្អស់ ដែលជាលើកដំបូងក្នុងរយៈពេលមិនដល់មួយខែ បានកើតមានឡើងចំពេលមានជម្លោះប្រដាប់អាវុធក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសកាលពីសប្តាហ៍មុន។
បន្ទាប់ពីការសាកល្បងចុងក្រោយនេះ ការិយាល័យប្រធានាធិបតី Cheong Wa Dae បានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន ក្រោមអធិបតីភាពប្រធានការិយាល័យសន្តិសុខជាតិ Suh Hoon ។
ការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ កើតមានឡើងនៅសល់ពេលមិនដល់២សប្ដាហ៍ទៀតទេ មុននឹងការបោះឆ្នោតប្រធានាធិបតី កូរ៉េខាងត្បូង ប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមីនាខាងមុខនេះ ខណៈមានការបារម្ភថាទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសអភិវឌ្ឍមីស៊ីល ស្របពេល អន្តរជាតិកំពុងផ្តោតលើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ជាក់ស្តែង របបលោក គីម ជុងអ៊ុន កំពុងស្វែងរកការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចំពេលមានការជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន និងបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩។RT