ហាណូយ៖ វិធានការសុវត្ថិភាពកូវីដ-១៩ បានបណ្តាលឱ្យរថយន្តកុងតឺណ័រដឹកផលិតផលកសិកម្មពីវៀតណាម ទៅកាន់ប្រទេសចិនបន្តជាប់គាំងនៅព្រំដែនរវាងប្រទេសទាំងពីរអសៈរយៈពេលជាង ១សប្តាហ៍មកហើយ។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន VN Express នៅថ្ងៃទី១៧ កុម្ភៈ ២០២២។

រថយន្តកុងតឺណ័រជាង ១.៨០០គ្រឿងបាននិងកំពុងរង់ចាំរយៈពេលជាង ១សប្តាហ៍មកហើយដើម្បីបញ្ចេញទំនិញរបស់ពួកគេឆ្លងព្រំដែន ខណៈដែលប្រទេសចិនបន្តដាក់វិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង។

គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ រថយន្តកុងតឺណ័រជាង ១.៨១៥គ្រឿងកំពុងរង់ចាំចូលប្រទេសចិននៅតាមច្រកព្រំដែនចំនួន៣ នៅខេត្ត Lang Son។ ៩០ភាគរយនៃរថយន្តទាំងនោះដឹកផ្លែឈើស្រស់មកពីខេត្តភាគខាងត្បូងប្រទេសវៀតណាម។

ការពន្យាពេលបំពេញបែបបទបញ្ចេញទំនិញនៅតាមព្រំដែន បាននិងកំពុងកើតមានឡើងតាំងពីចុងឆ្នាំមុនមកម៉្លេះ។ ក្នុងអំឡុងពេលចូលឆ្នាំចិន និងវៀតណាមចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ បញ្ហានេះត្រូវបានដោះស្រាយមួយផ្នែកហើយដោយសារការអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់ ប៉ុន្តែបញ្ហានេះបានកើតឡើងម្តងទៀត។

ដោយឡែក អាជ្ញាធរគយចិនបានបន្តដាក់ចេញយុទ្ធសាស្រ្ត «គ្មានកូវីដ» ដែលតម្រូវឱ្យមានការរឹតបន្តឹងវិធានការសុវត្ថិភាព។ ការស្គ្រីន (Screen) រថយន្តមួយគ្រឿងត្រូវចំណាយពេលជាច្រើនម៉ោង ដែលកន្លងមកចំណាយពេលតែពី ១០ ទៅ ១៥នាទី។

គួរបញ្ជាក់ផងដែរថា ចិនគឺជាទីផ្សារនាំចេញធំទី២ សម្រាប់ផលិតកសិផល រុក្ខាប្រម៉ាញ់ និងត្រីរបស់វៀតណាម បន្ទាប់ពីទីផ្សារអាមេរិក ដែលមានតម្លៃនាំចេញសរុប ៨,៤ប៊ីលានដុល្លារនៅក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំ២០២១ ស្មើនឹង ១៩,២ភាគរយនៃការនាំចេញផលិតផលកសិកម្មសរុបរបស់វៀតណាម។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ