ម៉ានីល៖ យោងតាមទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសហ្វ៊ីលីពីន បង្កឱ្យមានការជម្លៀសសហគមន៍នៅតាមឆ្នេរសមុទ្រចេញទៅរកកន្លែងមានសុវត្ថិភាព ដោយសារតែសហគមន៍ទាំងនោះអាចនឹងទទួលរងនូវឥទ្ធិពលព្យុះដ៏ខ្លាំងមួយនេះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៥ កក្កដា ២០២៣។
ទីភ្នាក់ងារដដែលនេះបានលើកឡើងថា ព្យុះទីហ្វុងដុកស៊ូរី (Doksuri) កំពុងធ្វើដំណើរក្នុងកម្លាំងខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបោកបក់ឆ្ពោះទៅកាន់កោះចំនួនបីដែលមានប្រជាជនមួយចំនួនកំពុងរស់នៅ។
យោងតាមព្រឹត្តិបត្រចុងក្រោយបង្អស់ពីទីភ្នាក់ងារនេះបានឱ្យដឹងថា ព្យុះនេះមានឈ្មោះជាភាសាហ្វីលីពីនថា អ៊ីហ្គេ (Egay)។ ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្លងកាត់កោះ បាប៊ូយ៉ាន (Babuyan) ឬខេត្តខាហ្កាយ៉ាន (Cagayan) ភាគឦសានត្រឹមរសៀលថ្ងៃពុធស្អែកនេះ។
បន្ទាប់មក វានឹងវាយលុកទៅកាន់កោះតៃវ៉ាន់ និងភាគខាងកើតប្រទេសចិនបន្តទៀត។ ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវទឹកភ្លៀងលើសពី ២០០ មីលីម៉ែត្រទៅកាន់បណ្ដាកោះមួយចំនួន និងតំបន់ភាគខាងជើងនៃខេត្តខាហ្កាយ៉ាន ខេត្តអាប៉ាយ៉ៅ (Apayao) និងខេត្តអ៊ីឡូខូស (Ilocos Norte) នៅថ្ងៃអង្គារនេះ។
គួរដឹងដែរថា ក្រុមកោះបាប៊ូយ៉ានចំនួនបី កោះក្នុងចំណោមកោះទាំងប្រាំ មានប្រជាជនរស់នៅប្រហែលជាពីរម៉ឺននាក់៕