អង់គ្លេស៖ សារព័ត៌មាន The Times បានរាយការណ៍ថា ជើងហោះហើរជម្លៀសចុងក្រោយរបស់ចក្រភពអង់គ្លេស អាចចាកចេញពីទីក្រុងកាប៊ុលក្នុងរយៈពេល ៥ ថ្ងៃ ក្រោមកាលវិភាគពន្លឿនការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្រ្តីបានប្រាប់នៅដើមសប្តាហ៍នេះថា ជើងហោះហើរជម្លៀសចុងក្រោយប្រហែលជាត្រូវចាកចេញនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ មុនពេលគ្រោងការនៃការចាកចេញរបស់កងកម្លាំងអាមេរិកនៅថ្ងៃទី ៣១ ខែសីហា នេះបើយោងតាមកាសែតដែលបានដកស្រង់ពីប្រភពព័ត៌មាន។
ជាមួយគ្នានេះដែរ ប្រភពរដ្ឋាភិបាលមួយទៀតក៏ត្រូវបានដកស្រង់សម្តីដោយនិយាយថា កាលបរិច្ឆេទជម្លៀសនៅថ្ងៃអង្គារនេះមិនទាន់ត្រូវបានយល់ព្រមជាផ្លូវការនៅឡើយទេ។
យ៉ាងណាម៉ិញ រដ្ឋមន្ត្រីការពារជាតិ លោក Ben Wallace បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អង់គ្លេសមិនអាចជម្លៀសក្មេងៗដែលគ្មានអ្នកអមដំណើរចេញពីអាហ្វហ្គានីស្ថានបានទេ នៅពេលត្រូវបានគេសួរអំពីរូបភាពក្មេងតូចម្នាក់ត្រូវបានគេហុចតាមជញ្ជាំងទៅអោយទាហានលោកខាងលិចនៅព្រលានយន្តហោះក្រុងកាប៊ុល។
គួររំលឹកថា ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃពុធនេះដែរថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយតាលីបង់ នៅទីក្រុងកាប៊ុល ស្តីពីកម្រិតយុទ្ធសាស្ត្រជាក់ស្តែងដើម្បីជម្លៀសជនជាតិ និងពលរដ្ឋអាហ្វហ្កានីស្ថានដែលមានសិទ្ធិចាកចេញ។ NR