វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនបានជួបជាមួយអ្នកការទូតកំពូលរបស់ចិននៅទីក្រុងលុចសំបួ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សាមានដូចជា តៃវ៉ាន់ កូរ៉េខាងជើង និងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៤ មិថុនា ២០២២។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ជំនួបរវាងលោក Jake Sullivan និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនលោក Yang Jiechi រួមមានការពិភាក្សាដោយស្មោះត្រង់ ជាក់ស្តែង និងប្រកបដោយផលិតភាពអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោកមួយចំនួន ក៏ដូចជាបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន។

ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានថ្លែងថា លោក Sullivan បានយល់ច្បាស់ពីសារៈសំខាន់នៃការរក្សាបាននូវទំនាក់ទំនងបើកចំហរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោក Sullivan បានបង្ហាញយ៉ាងច្បាស់នូវការព្រួយបារម្ភអំពីអាកប្បកិរិយា និងការគាបសង្កត់ ក៏ដូចជាការឈ្លានពានរបស់ចិនទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិចិនបានបញ្ជាក់ច្បាស់ៗថា ប្រទេសរបស់លោកនឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើនរណាម្នាក់ព្យាយាមបំបែកខ្លួនចេញពីតៃវ៉ាន់ ដែលនេះជាព្រមានជាក់ស្តែងមួយប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលបង្កើនការចូលរួមរបស់ខ្លួនជួយដល់តៃវ៉ាន់៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ