ភ្នំពេញ ៖ កងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាកឆេហ្វ៥៥ ខុសច្បាប់ដែលបានបន្លំដល់អ្នកប្រើប្រាស់ថា ជាផលិតផលថៃ។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃ១១ សីហា ។ ទីតាំងសិប្បកម្មនេះ ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានឈ្មោះ អ៊ីវ សារិនជាម្ចាស់សិប្បកម្ម បាននាំចូលប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ៥៥ ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ ។

ក្នុងការឆែកឆេរត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញសម្ភារៈវត្ថុតាងដូចជា ៖ ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសំបកថង់ សំបកកេស សំបកបាវ ម៉ាកឆេហ្វ៥៥ខុសច្បាប់ ប្រមាណជាង៣០តោន , ម៉ាស៊ីនវាយកាលបរិច្ឆេទ១គ្រឿង , ម៉ាស៊ីនវេចខ្ចប់ធំ២គ្រឿង , ម៉ាស៊ីនវេចខ្ចប់តូច៣គ្រឿង , ម៉ាស៊ីនអ៊ុតកេស២គ្រឿង , ម៉ាស៊ីនរ៉ៃ២គ្រឿង , រថយន្តដឹកទំនិញ៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ៦គ្រឿង ។ 

សមត្ថកិច្ចបានសម្រេចដកហូតសម្ភារៈវត្ថុតាងទាំងអស់ ហើយធ្វើការបិទឃ្លុំបេសិប្បកម្មមួយនេះជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំង ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់។

សមត្ថកិច្ចផ្តាំផ្ញើ និងក្រើនរំលឹកដល់អាជីវករចូលរួមគោរពច្បាប់ រកស៊ីដោយសុច្ចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកំពស់សុខុមាលភាពពលរដ្ឋអ្នកប្រើប្រាស់ក៏ដូចជាលើកកំពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ