ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី ៧ បានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ហើយក៏ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្ដើមអនុវត្តរួចរាល់ផងដែរ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃ២៣ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា មិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្ដប៉ុណ្ណោះទេ តែបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់ និងវិធានការជាក់ស្ដែងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយ»។

សម្ដេចរៀបរាប់ថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៥ មានដូចជា៖ ទី១-យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨ ) ,ទី២-ការពង្រឹងមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រនិង គ្រួសារងាយរងហានិភ័យ ,ទី៣-កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសជាមួយការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត , ទី៤-កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី៥-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី។

សម្ដេច ន្ដថា ក្នុងអំឡុងពេលនេះ ក្នុងចំណោមវិធានការគន្លឹះដែលមានចរិតជាការកែទម្រង់ស្ថាប័ន រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវគណៈកម្មការជាតិចំនួន៣ រួមមាន៖ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះ ក្នុងវិស័យអប់រំនិងគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យសុខាភិបាល។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវការរៀបចំនិងកិច្ចដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។

សម្ដេចបន្ថែមថា សប្តាហ៍កន្លងទៅនេះ ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ សម្តេចក៏បានសម្រេចដាក់ចេញវិធានការមុតស្រួចដែលមានចរិតជាការ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក៏ដូចជាការឆ្លើយតបកង្វល់ របស់ផ្នែកឯកជនដែលមានជិត២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ