វ៉ាស៊ីនតោន៖ អាជ្ញាធរក្នុងតំបន់រាយការណ៍ថា ព្យុះកំបុតត្បូងបានវាយប្រហារឆ្លងកាត់រដ្ឋ Tennessee របស់សហរដ្ឋអាមេរិក ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់បាត់បង់ជីវិត បំផ្លិចបំផ្លាញផ្ទះសម្បែង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ធ្នូ ២០២៣។
អភិបាលក្រុង Clarksville លោក Joe Pitts បាននិយាយថា យើងទទួលបានព័ត៌មានដ៏សោកសៅអំពីការបំផ្លិចបំផ្លាញ ហើយយើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ នៅតំបន់ Montgomery មនុស្សចំនួន៣នាក់បានស្លាប់ ក្នុងនោះមានទាំងកុមារម្នាក់ផងដែរ ខណៈ២៣នាក់ទៀតត្រូវបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងតំបន់។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ Nashville បានបង្ហោះលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្ស ៣នាក់ត្រូវព្យុះផ្តាច់ជីវិតនៅទីនោះ។ ទន្ទឹមគ្នា តំបន់ជាច្រើនទៀតក្នុងរដ្ឋ Tennessee ក៏បានរាយការណ៍ពីមនុស្សរងរបួស ប៉ើងដំបូលផ្ទះ និងការដាច់ចរន្តអគ្គិសនី។ យោងតាមគេហទំព័រ PowerOutage.us, បានឱ្យដឹងថា អតិថិជនប្រហែល ៨៥,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Tennessee។
គួរបញ្ជាក់ថា ព្យុះកំបុតត្បូងដ៏កំណាចខាងលើនេះ បានកើតមានឡើងបន្ទាប់ពីទីភ្នាក់ងារអាកាសធាតុជាតិ កាលពី២ឆ្នាំមុន បានកត់ត្រាព្យុះកំបុតត្បូងចំនួន៤១ បោកបក់ឆ្លងកាត់រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក្នុងនោះមាន ១៦ព្យុះនៅរដ្ឋ Tennessee និង ៨ព្យុះនៅរដ្ឋ Kentucky។ ហើយគិតត្រឹមតែរដ្ឋ Kentucky មួយប៉ុណ្ណោះ មានមនុស្សស្លាប់សរុបដល់ទៅ៨១នាក់៕RT
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់