ចិនព្រមានពីវិបត្តិមនុស្សធម៌ ក្រោយអ៊ុយក្រែនយល់ព្រមទទួលយកជំនួយគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក
អន្តរជាតិ៖ ប្រទេសចិន ព្រមានថាការផ្តល់ជំនួយគ្រាប់បែកចង្កោមដោយខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានវិបត្តិមនុស្សធម៌ ក្រោយអាមេរិកបានយល់ព្រមលើការដឹកជញ្ជូនអាវុធប្រភេទនេះទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ កក្កដា ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង ថ្លែងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយប្រទេសជាច្រើនបានសម្តែងការប្រឆាំង។
ប៉ុន្តែប្រទេសចិនមិនថ្កោលទោសចំពោះការសម្រេចចិត្តបែបនេះទេ ជំនួសមកវិញដោយការកត់សម្គាល់ថា ការផ្ទេរគ្រាប់បែកចង្កោមដោយខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានវិបត្តិមនុស្សធម៌។
លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងគួរតែគ្រប់គ្រងដោយយុត្តិធម៌នូវក្តីកង្វល់ផ្នែកមនុស្សធម៌ និងតម្រូវការយោធា ព្រមទាំងសន្តិសុខស្របច្បាប់ ហើយរក្សាអាកប្បកិរិយាប្រុងប្រយ័ត្ន និងអត់ធ្មត់ចំពោះការផ្ទេរគ្រាប់បែកចង្កោម៕