ក្រុងកៀវ៖ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី បានបញ្ជាកងទ័ពរបស់ខ្លួន ឲ្យបើកទ្វារព្រំដែន ធ្វើសង្គ្រាមវាយលុក ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស ក្លាយជាប្រទេសបស្ចិមលោកនាំមុខគេមួយ បញ្ជូនគ្រឿងយុទ្ធោបករណ៍ ទៅជួយដល់ក្រុងកៀវ ហើយឥឡូវ ប្រទេសមហាអំណាចមួយនេះ បានសម្រេចចិត្ត បញ្ជូនមីស៊ីលនាំផ្លូវដ៏ទំនើបរបស់ខ្លួន ទៅជួយប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះបន្ដទៀត។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform នៅថ្ងៃទី ១៩ ធ្នូ ២០២២៕ 

ចក្រភពអង់គ្លេស បានអះអាង អំពីការបញ្ជូនមីស៊ីលនាំផ្លូវ ប្រភេទ Brimstone 2 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធារបស់ក្រុងឡុងដ៍។

ក្រសួងការពាជាតិ ចក្រភពអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរថា ចក្រភពអង់គ្លេស បានសម្រេចផ្ដល់មីស៊ីល Brimstone 2 ដែលជាប្រភេទមីស៊ីលនាំផ្លូវជាក់លាក់មួយ បញ្ជូនទៅឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ហើយនេះក៏ជាផ្នែកមួយ នៃកញ្ចប់ជំនួយសន្ដិសុខរបស់ក្រុងឡុងដ៍ ផងដែរ។ កញ្ចប់ជំនួយនេះ នឹងតួនាទីយ៉ាងសំខាន់ សម្រាប់ការបញ្ឈប់ល្បឿន វាយរុលទៅមុខ ពីកម្លាំងទាហានរុស្ស៊ី។

យ៉ាងណាមិញ មីស៊ីល Brimstone 2 ចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេស មានសមត្ថភាពខ្លាំងជាងមុនទ្វេដង ហើយត្រូវបានផ្តល់ ទៅឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ ប្រព័ន្ធមីស៊ីលប្រភេទនេះ អនុញ្ញាតឱ្យកាំជ្រួចស្កែន ទៅលើសមរភូមិ និង ជ្រើសរើស អំពីគោលដៅសមស្របបំផុត ខណៈកំពុងពិនិត្យលើយានស៊ីវិល ឬ ឧបករណ៍យោធាមិនសូវសំខាន់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ