អន្តរជាតិ៖ ក្រសួងការពារជាតិដាណឺម៉ាក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគាំទ្រផ្នែកយោធារបស់ដាណឺម៉ាក ចំពោះអ៊ុយក្រែន នឹងកើនឡើងដល់ ៣,២១ ប៊ីលានដុល្លារចន្លោះពីឆ្នាំ ២០២៣-២០២៨។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២១ មិថុនា ២០២៣។
ជំនួយនេះ នឹងផ្តល់តាមរយៈមូលនិធិអ៊ុយក្រែន ដែលដាណឺម៉ាកបង្កើតឡើងក្នុងខែមីនា ក្រោមមហិច្ឆតារបស់ប្រទេស «ដើម្បីក្លាយជា អ្នកគាំទ្រដ៏សំខាន់បំផុតមួយរបស់អ៊ុយក្រែន»។ ក្នុងនោះផងដែរ ជំនួយជាង ១ ប៊ីលានដុល្លារ នឹងចំណាយលើផ្នែកមនុស្សធម៌ ការស្ដារអាជីវកម្ម និងតម្រូវការយោធាផ្សេងៗទៀត។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ថាចំនួនប៉ុន្មាន ដែលដាណឺម៉ាក នឹងចំណាយឱ្យអ៊ុយក្រែនភ្លាមៗ នាពេលនេះនោះទេ។
រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់ដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា«ខ្ញុំមានមោទនភាពដែលដាណឺម៉ាក នឹងបន្តជាអ្នករួមចំណែកយ៉ាងសំខាន់។ អ៊ុយក្រែន នៅតែពឹងផ្អែកយ៉ាងខ្លាំងលើជំនួយយោធា»។
គួរបញ្ជាក់ថា ក្រោមការបំផ្លិចបំផ្លាញដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ដែលនៅតែអូសបន្លាយនាពេលនេះ អ៊ុយក្រែន ត្រូវការជំនួយរាប់ពាន់លានដុល្លារ ដើម្បីស្ដារប្រទេសឡើងវិញ។ ជាមួយគ្នានោះ ជំនួយយោធាពីខាងក្រៅ នៅតែជាកម្លាំងស្នូល ដើម្បីឱ្យកងទ័ពអ៊ុយក្រែន ធ្វើការប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ដើម្បីដណ្ដើមទឹកដីមកវិញ៕
ចាប់តាំងពីការឈ្លានពាន ចាប់ផ្ដើមនៅចុងខែកុម្ភៈឆ្នាំមុនមក រដ្ឋាភិបាលលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងៗទៀត បានផ្ដល់ជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌រាប់ពាន់លានដុល្លារ។
កន្លងមក រុស្ស៊ី តែងតែប្រឆាំងនឹង ការបង្ហូរជំនួយយោធាទៅអ៊ុយក្រែន ដែលរួមមានសព្វាវុធទំនើបៗ ពីលោកខាងលិច ដោយនិយាយថា វាធ្វើឱ្យសង្រ្គាមបន្តអូសបន្លាយ និងកាន់តែតានតឹងទៅៗ។ ប៉ុន្តែលោកខាងលិច និងអ៊ុយក្រែន ដែលទាមទារឱ្យរុស្ស៊ី ដកខ្លួនចេញពីទឹកដីរបស់ខ្លួន បានទទូចថា ជំនួយផ្នែកយោធាសំខាន់ សម្រាប់ការការពារអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន៕