ពលរដ្ឋអាល្លឺម៉ង់ ១២៣,០០០នាក់ចុះហត្ថលេខាលើញាតិ្តប្រឆាំងនឹងការបញ្ជូនជំនួយសព្វាវុធដល់អ៊ុយក្រែន
ប៊ែរឡាំង ៖ ប្រជាជនអាល្លឺម៉ង់ជាង ១២៣,០០០នាក់បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីគាំទ្រលិខិតផ្ញើទៅកាន់លោកអធិការបតី អូឡាហ្វ សូលស៍ ដែលសរសេរដោយបញ្ញវន្តអាល្លឺម៉ង់ ដោយជំរុញឱ្យអធិការបតី បដិសេធមិនបញ្ជូនអាវុធធុនធ្ងន់ទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ឧសភា ២០២២។
លិខិតខាងលើនេះបានព្រមានថា ការផ្តល់អាវុធធុនធ្ងន់ក្នុងបរិមាណច្រើនអាចធ្វើឱ្យអាល្លឺម៉ង់ខ្លួនឯងក្លាយជាភាគីនៃជម្លោះ។ ហើយការវាយបករបស់រុស្សីអាចបង្កឱ្យមានករណីសុំជំនួយក្រោមសន្ធិសញ្ញាណាតូ ហើយនៅក្នុងនោះមានគ្រោះថ្នាក់ភ្លាមៗ នៃសង្រ្គាមលោកផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ អាល្លឺម៉ង់បានប្រកាសពីការបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីទទួលរងការរិះគន់ និងសម្ពាធជាច្រើនសប្ដាហ៍មកនេះ ពាក់ព័ន្ធនឹងជំហរមិនច្បាស់លាស់របស់រដ្ឋាភិបាលទីក្រុងបែរឡាំង។
ការប្រកាសខាងលើនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍កន្លងទៅថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) បានស្នើសុំការអនុម័តពីរដ្ឋាភិបាលសម្រាប់ការបញ្ជូនរពាសដែកប្រភេទ Marder ចំនួន ១០០គ្រឿង និងរថក្រោះប្រភេទ Leopard 1A5 ចំនួន ៨៨គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន៕RT