តូក្យូ៖ ស្របពេល បណ្ដាប្រទេសបច្ចិមលោក កំពុងតែបញ្ជូនជំនួយយោធាយ៉ាងច្រើន ជួយដល់ប្រទេសអ៊ុយក្រែន ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញករណី រុស្ស៊ី ប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្ដ ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន នៅក្នុងសង្គ្រាមនេះ ជប៉ុន បានប្រកាសពីការបញ្ជូនម៉ាស់ និង សម្លៀកបំពាក់ការពារនូវឧបទ្ទវហេតុវាយប្រហារដោយអាវុធគីមី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Japantimes នៅថ្ងៃទី១៩ មេសា ២០២២។

ក្រសួងការពារជាតិជប៉ុន បានប្រកាស នៅថ្ងៃអង្គារ ថា ក្រុងតូក្យូ នឹងដឹកបញ្ជូនម៉ាស់ការពារ និង សម្លៀកបំពាក់ការពារប្រឆាំងនឹងអាវុធគីមី ក៏ដូចជា ដ្រូនជាច្រើនគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ការបញ្ជូនជំនួយសម្ភារទាំងនេះរបស់ជប៉ុន ទៅកាន់ប្រទេសអ៊ុយក្រែន ក៏ជាការឆ្លើយតប ទៅនឹងសំណើរបស់ក្រុងគៀវ (Kyiv)។

គួរបញ្ជាក់ថា សកម្មភាពយោធារបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យបណ្ដាប្រទេសបច្ចិមលោក បង្កើនការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយបញ្ជូនគ្រឿងយុទ្ធោបករណ៍ មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។ 

ស្របគ្នានេះដែរ ជប៉ុន ក៏បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងមហាសេដ្ឋីរុស្ស៊ី។ ក្រៅពីនេះ ក្រុងតូក្យូ ថែមទាំងបានបញ្ជូនជំនួយជាបន្ដបន្ទាប់ ទៅកាន់ក្រុងគៀវ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ