វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងជាថ្មីថា សហរដ្ឋអាមេរិកគ្មានចេតនាណាមួយនៅក្នុងរដ្ឋបាលរបស់លោក ឬនៅក្នុងអង្គការ NATO ដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីរបស់អ៊ុយក្រែននោះទេ ប៉ុន្តែព្រមានថា រុស្ស៊ីនឹងប្រឈមមុខនូវផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២៕
លោក បៃដិន ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា យើងគ្មានចេតនាដាក់កងកម្លាំងអាមេរិក ឬកងកម្លាំងណាតូនៅក្នុងទឹកដីប្រទេសអ៊ុយក្រែននោះទេ។ ប៉ុន្តែខ្ញុំសូមអះអាងថា នឹងមានផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធំសម្បើម ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផ្លាស់ទីទាហានរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់លោក បៃដិន ខាងលើនេះ បានកើតឡើងចំពេលដែលមេដឹកនាំលោកខាងលិចផ្សេងទៀតបានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីនឹងទទួលបានការតបស្នងដ៏ធ្ងន់ធ្ងរសម្រាប់ការឈ្លានពានអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីបានចោទប្រកាន់អាមេរិក និងប្រទេសដទៃទៀតថា កំពុងបង្កើនភាពតានតឹងជុំវិញបញ្ហានេះ ហើយបដិសេធថា ខ្លួនគ្មានគគម្រោងចូលលុកលុយប្រទេសអ៊ុយក្រែនឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូបានកសាងកងទ័ពនៅតាមព្រំដែន ដោយមានទាហានរុស្ស៊ីប្រមាណ១០ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់៕ RT