ទីបំផុត ណាតូ បញ្ជូនសព្វាវុធ និងដាក់ពង្រាយទ័ពពិសេស ដើម្បីជួយអ៊ុយក្រែន កំពុងប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី
ក្រុងប្រ៊ុចសែល៖ ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រ ២៥កុម្ភៈ ថា សម្ព័ន្ធភាពកំពុងដាក់ពង្រាយកម្លាំងឆ្លើយតបយ៉ាងរហ័សរបស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់មាន ដើម្បីបង្កើនការការពារនៅពេលប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៦ កុម្ភៈ ២០២២។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានថ្លែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា សម្ពន្ធមិត្តណាតូ បានដាក់ពង្រាយកងទ័ពពិសេស រាប់ពាន់នាក់រួចរាល់ហើយ នៅជិតព្រំដែនអ៊ុយក្រែន ក៏ដូជា ការបន្ដបញ្ជូនគ្រឿងសព្វាវុធទៅឲ្យកងទ័ពក្រុងគៀវ រួមទាំងប្រព័ន្ធការពារដែនអាកាស ក្រោយពេលមានការវាយប្រហារពីរុស្សី។ ក្រៅពីនេះ ណាតូ ក៏បានដាក់ពង្រាយធាតុផ្សំ នៃកម្លាំងឆ្លើយតបយ៉ាងរហ័សរបស់ខ្លួន រួមមាន កម្លាំងទ័ពជើងគោក ផ្លូវអាកាស ដែនសមុទ្រ និង កងកម្លាំងប្រតិបត្តិការពិសេស នៅលើទឹកដីសម្ពន្ធមិត្ត ផងដែរ។
លោក Stoltenberg បានបន្ថែមថា មានប្រទេសមួយចំនួន នៃសម្ពន្ធមិត្តណាតូទាំង៣០ ក៏បានប្រកាស អំពីប្រភេទសព្វាវុធរបស់ពួកគេ នឹងផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែន ដោយគ្រាន់តែមិនបានផ្តល់ព័ត៌មានលម្អិតតែប៉ុណ្ណោះ។ សម្ពន្ធមិត្តណាតូ មានការប្តេជ្ញាចិត្តយ៉ាងខ្លាំង នៅក្នុងការបន្តផ្តល់ការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន។ ឥឡូវនេះ យើងកំពុងដាក់ពង្រាយកម្លាំងឆ្លើយតបរបស់អង្គការណាតូជាលើកដំបូង នៅក្នុងបរិបទ នៃការការពារសមូហភាពនេះ។
ប្រមុខអង្គការ NATO បានបញ្ជាក់ថា សកម្មភាពយោធារបស់ណាតូ ក៏ដើម្បីថែរក្សាសន្តិភាព ទប់ស្កាត់ការវាយប្រហារ និង រារាំងកុំឱ្យសង្រ្គាម ដែលកំពុងផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន បន្ដរាលដាលទៅដល់ប្រទេសឯទៀត ដែលជាសមាជិក NATO។
ទោះជាយ៉ាងណា លោក Stoltenberg មិនបានផ្ដល់ព័ត៌មានលម្អិតថា កងកម្លាំង NATO នឹងត្រូវដាក់ពង្រាយទៅកាន់កន្លែងណានោះដែរ។ ប៉ុន្ដែលោកគ្រាន់តែបង្ហើបថា សកម្មភាពកងទ័ព គឺអាស្រ័យទៅលើអគ្គមេបញ្ជាការយោធារបស់ NATO ។
ចំណាត់ការខាងលើ ជាការបោះជំហានថ្មីចុងក្រោយបំផុតរបស់ NATO ក្រោមគោលដៅបង្កើនការការពាររបស់ខ្លួន បន្ទាប់ពីសម្ពន្ធភាពយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ព ៧ ០០០នាក់បន្ថែម ទៅកាន់បណ្តាប្រទេសជាសមាជិកលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ុយក្រែន និង រុស្ស៉ី៕
លើសពីនេះទៅទៀត លោក Stoltenberg ថា "យើងមានយន្តហោះជាង 100 គ្រឿង ដែលប្រតិបត្តិការនៅក្នុងទីតាំងជាង 30 ផ្សេងៗគ្នា និងនាវាជាង 120 គ្រឿង នឹងបញ្ជូនទៅភាគខាងជើងសមុទ្រមេឌីទែរ៉ាណេ" ។RT