ក្រុងវ៉ាស៊ីនតោន បន្ដព្រមានក្រុងប៉េកាំង មិនឲ្យគាំទ្ររុស្ស៊ី ឬផ្ដល់គ្រឿងយុទ្ធោបករណ៍ណាមួយ ក្នុងសង្គ្រាមនៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ បណ្ដាប្រទេសមហាអំណាចបច្ចិមលោក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ជុំវិញជំហររបស់ចិន នៅក្នុងការផ្ដល់ជំនួយយោធា ទៅជួយដល់រុស្ស៊ី និង ធ្វើសកម្មភាពនានា បញ្ចៀសពីកញ្ចប់ទណ្ឌកម្មដ៏ច្រើនលើសលប់ ប្រឆាំងនឹងក្រុងមូស្គូ ជុំវិញសង្គ្រាមឈ្លានពានរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន នោះ សហរដ្ឋអាមេរិក បានបន្ដព្រមានសាជាថ្មី ដល់ក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ មេសា ២០២២។
លោក ណែដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានដល់ចិន ប្រឆាំងនឹងការគាំទ្រដល់រុស្ស៊ី នៅក្នុងសកម្មភាពវាយលុករបស់យោធាក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុងវ៉ាស៊ីនតោន មិនជឿថា ក្រុងប៉េកាំង ហ៊ានផ្ដល់គ្រឿងយុទ្ធោបករណ៍ណាមួយ ជួយដល់ក្រុងមូស្គូ នោះឡើយ។
អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «យើងបានវាយតម្លៃ នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ គឺយើងនៅមិនទាន់ឃើញមានការគាំទ្រណាមួយដែលជាផ្នែក នៃសាធារណរដ្ឋប្រជាមានិតចិន នោះឡើយ»។
អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ដថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាក៏ដោយ ដែលព្យាយាមធ្វើឱ្យខូចដល់របបទណ្ឌកម្មរបស់យើង ឬស្វែងរកការផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវប្រឈមមុខនឹងផលវិបាក»។
ដោយឡែក លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក គាំទ្រឲ្យការចរចា ហើយប្រឆាំងនឹងការប្រើប្រាស់ទណ្ឌកម្ម ដើម្បីដោះស្រាយវិវាទអន្តរជាតិ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិនកំពុងតែប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន បដិសេធនូវការរិះគន់ ដល់ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕RT