កាសែតអាមេរិកធំៗ បានរាយការណ៍លំអិតបន្ថែមទៀត ជុំវិញការបាញ់សាកល្បងគ្រាប់មីស៊ីលលឿនជាងសំឡេងរបស់ចិន
វ៉ាស៊ីនតោន៖ យោងតាមកាសែត Financial Times និង Wall Street Journal បានចុះផ្សាយនៅដើមសប្តាហ៍នេះថា ការធ្វើតេស្តគ្រាប់មីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពហោះព័ទ្ធជុំវិញផែនដីរបស់ចិន កាលពីខែកក្កដាកន្លងទៅនេះ គឺមានទាំងការបាញ់មីស៊ីលមួយគ្រាប់ ចេញពីយានយន្តកំពុងចល័តក្នុងល្បឿនលឿន ដែលមិនធ្លាប់មានពីមុនមកផងដែរ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី២៣ វិចិ្ឆកា ២០២១។
កាសែតអាមេរិកទាំងពីរបានរាយការណ៍ទៀតថា ការធ្វើតេស្តលើកនោះ ពិតជាបង្ហាញនូវការអភិវឌ្ឍជាយុទ្ធរបស់ចិនយ៉ាងពិតប្រាកដ ទៅលើអាវុធដែលមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរ កាន់តែខ្លាំងលើសពីអ្វីដែលគ្រប់គ្នាបានគិតពីមុនមក ហើយវាពិតជាបានធ្វើឲ្យមន្ត្រីនានា នៅមន្ទីរបញ្ចកោណអាមេរិក ភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ កាសែតអាមេរិកធំៗទាំងពីរនេះបានបញ្ជាក់ទៀតថា ការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិន កាលពីថ្ងៃទី២៧ ខែកក្កដា បានធ្វើអោយប្រទេសលោកខាងលិចស្រឡាំងកាំងរួចទៅហើយ។
គួរបញ្ជាក់ផងដែរថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីសុទ្ធតែមិនទាន់មានសមត្ថភាពបាញ់គ្រាប់មីស៊ីល ដែលអាចហោះលឿនជាងល្បឿនសំឡេង ៥ដង ចេញពីរថយន្តចល័តក្នុងល្បឿនលឿនបែបនេះឡើយ៕