អន្តរជាតិ៖ ប្រទេសចិន កំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីលក់អាវុធថ្មីៗជាច្រើនប្រភេទទៅឲ្យរដ្ឋអារ៉ាប់ទាំងពីរនេះ រួមទាំងយន្តហោះចម្បាំង Chengdu J-10C ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Sputnik នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣។

របាយការណ៍របស់សេវាចារកម្ម Tactical Report កាលពីដើមសប្តាហ៍នេះ បានអះអាងថា បច្ចុប្បន្នឧស្សាហកម្មយោធាអារ៉ាប៊ីសាអូឌីត (SAMI) កំពុងពិភាក្សាជាមួយសាជីវកម្ម China North Industries Group Corporation (Norinco) ដើម្បីទិញយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងប្រព័ន្ធការពារដែនអាកាស។

ទីភ្នាក់ងារនេះក៏បាននិយាយដែរថា ការចរចាកំពុងបន្តរវាងកងទ័ពអាកាសអេហ្ស៊ីប និងក្រុមឧស្សាហកម្មយន្តហោះ Chengdu ដោយភាគីទាំងពីរបានជួបប្រជុំគ្នានៅខាងក្រៅពិព័រណ៍សមុទ្រ និងលំហអាកាសអន្តរជាតិ Langkawi នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារ។

ទន្ទឹមនោះ ទីក្រុងរីយ៉ាដ ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកទិញយន្តហោះគ្មានមនុស្សបើក Sky Saker FX80, យាន CR500 (VTOL), គ្រាប់ Cruise Dragon 5 និង 10 និងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី HQ-17AE ផងដែរ។

អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត គឺស្ថិតក្នុងចំណោមប្រទេសនាំចូលអាវុធលំដាប់កំពូលរបស់ពិភពលោក ហើយប្រទេសទាំងពីរ បាននិងកំពុងសម្លឹងមើលរុស្ស៊ី និងចិនកាន់តែខ្លាំងឡើង ជាដៃគូក្នុងវិស័យជាច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ លើវិស័យជាច្រើនរួមទាំងសេដ្ឋកិច្ច យោធា និងការទូត ហើយថ្មីៗនេះ បានជួយចរចាស្តារទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញទៀតផង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ