ហ្សាការតា៖អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសថា ចំនួនទីតាំងដែលអាចបង្កឱ្យមានបញ្ហាភ្លើងឆេះព្រៃ បានកើនឡើងទ្វេដងក្នុងសប្តាហ៍មុននេះ ដោយសារតែអាកាសធាតុរាំងស្ងួតបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីភ្លើងឆេះព្រៃ ទោះបីមិនទាន់ឈានដល់រដូវប្រាំងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៤ កក្កដា ២០២៣។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី(BNPB) ចំនួននៃចំណុចក្តៅ បានកើនឡើងដល់ ១២,៧០១ ដែលពីមុនមានត្រឹម ៦,០៨២ ក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។
អ្នកនាំពាក្យនៃ BNPB លោក Abdul Muhari បានលើកឡើងថា ការកើនឡើងភាគច្រើននៃចំណុចក្តៅត្រូវបានគេប្រទះឃើញនៅក្នុង Kalimantan ដែលជាផ្នែកមួយរបស់ប្រទេសឥណ្ឌូនេស៊ីនៃកោះ Borneo ក៏ដូចជានៅតំបន់ Java និងPapua ផងដែរ។
លោកបានសង្ខេបខ្លីថា «ទោះបីគ្រប់ចំណុចក្តៅទាំងអស់នឹងមិនអាចឆាបឆេះក៏ដោយ យើងនៅតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លាដែលយើងកំពុងមើលឃើញនេះ»។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយដែរថា ប្រទេសនេះគេបានប៉ាន់ស្មានថានឹងជួបប្រទះនូវរដូវប្រាំងដ៏ស្ងួតហួតហែងបំផុតរបស់ខ្លួនតាំងពីឆ្នាំ ២០១៩ ដោយសារតែការវិលត្រឡប់មកវិញនៃបាតុភូតអាកាសធាតុ El Niño។
គួរបញ្ជាក់ដែរថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានជួបប្រទះនឹងភ្លើងឆេះព្រៃដ៏សាហាវក្នុងឆ្នាំ ២០១៥ និង២០១៩ ដែលបានធ្វើឱ្យប្រទេសទាំងឡាយ និងផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍គ្របដណ្ដប់ទៅដោយអ័ព្ទ។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ករណីភ្លើងឆេះឆ្នាំ២០១៩ បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រហែល ៥.២ពាន់លានដុល្លារអាម៉េរិក នៃខេត្តចំនួនប្រាំបីរបស់ប្រទេសឥណ្ឌូនេស៊ីផ្ទាល់តែម្ដង៕