ភ្លើងឆេះដ៏សន្ធោសន្ធៅក្នុងពន្ធនាគាររបស់ប្រទេសឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៤០ នាក់បានបាត់បង់ជីវិត
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់នៅក្នុងពន្ធនាគារខេត្ត Banten របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីអគ្គិភ័យបានឆាបឆេះពេញមួយយប់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN ។
ទន្ទឹមនឹងនោះ អ្នកជាប់ក្នុងមន្ទីរឃុំឃាំងដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Tangerang ត្រូវបានគេរាយការណ៍ថាបានជម្លៀសចេញផងដែរ បន្ទាប់ពីការប្រកាសអាសន្នបានកើតឡើង ខណៈចំនួនអ្នករបួសមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមណ្ឌលអប់រំកែប្រែលោកស្រី Rika Aprianti បាននិយាយនៅថ្ងៃពុធនេះថា “អគ្គិភ័យបានកើតឡើងនៅម៉ោង ១ និង ៥០ នាទីព្រឹកនៅក្នុង Block C នៃជាន់ទី ១ របស់ពន្ធនាគារនៅក្នុងទីក្រុង Tangerang” ។
យោងតាមលោកស្រី Rika បានឲ្យដឹងទៀតថា ចំនួនជនរងគ្រោះ ៤០ នាក់នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពេលក្រោយ ខណៈអ្នកដែលរងផលប៉ះពាល់ដោយអគ្គិភ័យ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យប្រចាំតំបន់ Tangerang ។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះមូលហេតុនៃអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕