ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃដែលកំពុងឆាប់ឆេះយ៉ាងលឿន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯតំបន់រីវើសាយដ៍ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានចិនស៊ីនហួរនៅ ទី០៣ ខែសីហា ឆ្នាំ២០២០។
អាជ្ញាធរបានជម្លៀសប្រជាជនប្រហែលជា ៨,០០០នាក់ ចេញពីតំបន់កើតហេតុ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យ សរុបចំនួន ១,៣៦០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ០៦គ្រឿង, យន្តហោះទម្លាក់ទឹក ០៦គ្រឿង និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៀត ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនេះ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេមិនទាន់អាចគ្រប់គ្រង ការឆាប់ឆេះនេះនៅឡើយទេ។
នាយកដ្ឋានរដ្ឋបាលព្រៃឈើ និងការការពារអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា ភ្លើងឆេះ ព្រៃនេះបានឆាបឆេះ កាលពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ នៅលើផ្ទៃដីប្រមាណជា ៨៣.១គីឡូម៉ែត្រការ៉េ ហើយវាត្រូវបានគេរាយការណ៍ដំបូង នៅក្បែរតំបន់ជ្រលងឈើ ដែលមានចម្ងាយប្រហែលជា ១១០ គីឡូម្រ៉ែតពីទីក្រុង L.A. នឹងបានរីករាលដាលយ៉ាងឆាប់រហ័ស ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះមិនទាន់មានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ ខណៈដែលផ្ទះមួយខ្នង និងអាគារចំនួន ០២ខ្នងត្រូវបានបំផ្លាញ ហើយពេលនេះមន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកពីមូលហេតុនៃភ្លើងឆេះព្រៃនេះ៕SP