យ៉ាងហោចណាស់មនុស្ស ២១ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងភ្លើងឆេះអគារមួយនៅតំបន់ហ្គាហ្សាស្ទ្រីប
បរទេស៖ មន្ត្រីសុខាភិបាល និងអ្នកសង្គ្រោះបន្ទាន់ស៊ីវិលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគ្គីភ័យបានឆាបឆេះអគារមួយកន្លែង ដែលអ្នកស្រុកចូលរួមពិធីជប់លៀងមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប។
វាត្រូវបានគេចំណាយពេលជាងមួយម៉ោងដើម្បីគ្រប់គ្រងអណ្តាតភ្លើងដ៏ធំដែលបានឆាបឆេះនៅជាន់ខាងលើនៃអគារលំនៅដ្ឋានកម្ពស់ ៤ ជាន់ នៅក្នុងជំរុំជនភៀសខ្លួន ឈ្មោះ Jabalia ដែលមានប្រជាជនច្រើន នៅភាគខាងជើងហ្គាហ្សាស្ទ្រីប។
រថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ដឹកអ្នករបួសជាច្រើននាក់ទៅកាន់មន្ទីរពេទ្យក្នុងស្រុក ហើយអ៊ីស្រាអែលដែលរួមគ្នាជាមួយអេហ្ស៊ីបដែលរក្សាការបិទផ្លូវនៅលើតំបន់ហ្គាហ្សាបានអោយដឹងថា ពួកគេនឹងអនុញ្ញាតការចេញចូលដល់ឱ្យអ្នកដែលត្រូវការការព្យាបាល។
ជាមួយគ្នានេះផងដែរ ក្រសួងមហាផ្ទៃរបស់ហ្គាហ្សា បាននិយាយថា ការស៊ើបអង្កេតដំបូង បានបង្ហាញថា ប្រេងសាំង ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានគេរក្សាទុក នៅកន្លែងនោះ ដែលជាហេតុបង្កជា អណ្តាតភ្លើង ដែលបានឆាបឆេះ អាគារនេះ យ៉ាងឆាប់រហ័ស។
គួររំលឹកថា សាក្សីបានអោយដឹងថា ពួកគេលឺសូរឮសំឡេងស្រែក ប៉ុន្តែពួកគេមិនអាចជួយអ្នកដែលនៅខាងក្នុងបានទេ ដោយសារតែភ្លើងឆាបឆេះខ្លាំងពេក។ NR