ភ្នំពេញ ៖ សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងអង្គការចនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា  ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និង CMH បានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិក បានផលិតទឹកសូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួន ដែលយុវជន និងកុមារ បានស្គាល់ស្រាប់ ដូចជា ៖ ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និងស្ករផ្លេ (Play) ជាដើម។ 

ទាំងនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គោលដៅនៃផលិតផលបារីអេឡិចត្រូនិកនេះ គឺទាក់ទាញអ្នកជក់ថ្មីដែលជាយុវជន និងកុមារ ស្របពេលដែលមនុស្សកំពុងមានទំនោរបោះបង់ទម្លាប់ប្រើប្រាស់បារីធម្មតា លើសពីនេះ បារីអេឡិចត្រូនិក ជាផលិតផលដ៏មានគ្រោះថ្នាក់។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។នីកូទីននេះ ក៏បង្កអោយមានការខូចខាតធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលរបស់កុមារ។

ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំអោយប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែក សារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល វាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូង។ ប៉ុន្តែ វាត្រូវបានផ្សព្វផ្សាយបំភាន់ដោយអ្នកចែកចាយ និងអ្នកផលិតថាជាផលិតផលជួយដល់ការផ្ដាច់បារី។ ជាក់ស្ដែងវាពុំដូចអ្វីដែលពួកគេបានលើកឡើងឡើយ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកនឹងមានទំនោរប្រើប្រាស់បារីច្រើនជាងមុនទ្វេដង។

គួរបញ្ជាក់ផងដែរថាផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់ការចែកចាយ ធ្វើអាជីវកម្ម និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤។

យោងតាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ