CMH ៖ ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងដល់សុខុមាលភាពប្រជាជន និងសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងទៅដល់សុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្ទុយពីការពិត ក្រុមហ៊ុនថ្នាំជក់ បានព្យាយាមបង្ហាញទៅកាន់អ្នកបង្កើតគោលនយោបាយ ក៏ដូចជាប្រជាពលរដ្ឋថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ និងបរិស្ថានជាដើម។ យ៉ាងណាមិញ សកម្មភាពដ៏តិចតួចទាំងនោះ វាត្រឹមជាការបំភាន់ បិទបាំងឥទ្ធិពលអាក្រក់នៃឧស្សាហកម្មថ្នាំជក់ និង សាងឈ្មោះក្រុមហ៊ុននិងផលិតផលរបស់ខ្លួនប៉ុណ្ណោះ។
តាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យដឹងថាជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាប្រមាណ១៥០០០នាក់ ឬប្រមាណ៤០នាក់ក្នុង១ថ្ងៃត្រូវបានស្លាប់ដោយសារតែការប្រើប្រាស់ផលិតផលថ្នាំជក់។ បើនិយាយពីសេដ្ឋកិច្ចក៏ត្រូវបានរកការបំផ្លាញយ៉ាងខ្លាំងផងដែរ ដោយក្នុងនោះកម្ពុជាត្រូវបានខាតបង់ថវិការប្រមាណជា៦៤៩លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ គឺស្មើនឹង៣%នៃ GDP របស់កម្ពុជា។
លើសពីនេះ បើយោងតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អក្នុងការតួ្រតពិនិត្យផលិតផលថ្នាំជក់ពិភពលោក (GGTC) នៅក្នុងផលិតកម្មថ្នាំជក់នៅលើពិភពលោកបានបំផ្លាញព្រៃឈើយ៉ាងច្រើនគឺប្រមាណជា៥%នៃព្រៃឈើដែលបាត់បង់សរុប។ ក្នុងមួយឆ្នាំៗវាបានបង្កើតជាកាកសំណល់រឹងប្រមាណជា២៥លានតោន ទឹកកខ្វក់ប្រមាណ៥៥លានម៉ែត្រគូប និងបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ៨៤លានតោនចូលទៅក្នុងបរិយាកាស។
បន្ថែមពីលើនេះទៅទៀត ប្រេងឥន្ធនៈប្រមាណ២១ពាន់លានលីត្រត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការដុតសម្ងួតផលិតថ្នាំជក់។ ដើម្បីជាការសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ក៏ដូចជាគិតទៅដល់សេដ្ឋកិច្ចជាតិ និងបរិស្ថាន កម្ពុជាគួរណាស់តែបង្កើតឱ្យមានគោលនយោបាយដំឡើងពន្ធថ្នាំជក់ ក្នុងគោលបំណងឱ្យបានសម្រេចដល់៧៥%នៃតម្លៃលក់រាយ តាមការណែនាំរបស់អង្គការសុខភាពពិភពលោកដែលធ្វើឱ្យកម្ពុជាអាចជួយសង្គ្រោះប្រជាពលរដ្ឋប្រមាណ៥៧០០០នាក់ពីការស្លាប់មុនអាយុ និងបង្ការកុំឱ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាលប្រមាណ១៨៩៩លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០៣៣។
លើសពីនេះទៅទៀត តាមរយៈគោលនយោបាយដំឡើងពន្ធច្បាស់លាស់ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែមប្រមាណ២៣៥លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល១៥ឆ្នាំខាងមុខ៕