ភ្នំពេញ ៖ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ បានប្រព្រឹត្តទៅ នៅ  ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអង្គការជាតិនិងអន្តរជាតិ និងបណ្តាញយុវជននិងកុមារ ដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ រួមទាំងការប៉ះពាល់លើសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍ សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ។

កុមារក៏ជាជនរងគ្រោះ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ កុមារទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច  បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការលូតលាស់ និងការអភិវឌ្ឍន៍ពេញលេញរបស់កុមារ។

សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចតទៅ៖

១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ  និងយុវជន។ 

២. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យកុមារនិងយុវជនវ័យកេ្មង។ 

៣. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់កុមារ។

៤. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុង  វ័យកុមារ និងកាត់បន្ថយហានីភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។

៥. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងបង្ការកុមារកុំអោយទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ