ប្រមុខអង្គការសហប្រជាជាតិ និយាយថាសេដ្ឋកិច្ចអាហ្វហ្គានីស្ថានកំពុងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ក្រោយតាលីបង់ឡើងកាន់អំណាច
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរែស កំពុងជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីការពារសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថានពីការដួលរលំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ NHK នៅថ្ងៃទី១២ តុលា ២០២១៕
លោក ហ្គូដទែរែស បាននិយាយប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក អំពីស្ថានភាពសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថានដែលកាន់តែយ៉ាប់យ៉ឺន ជាពិសេសបញ្ហាកង្វះសាច់ប្រាក់។ លោកបានសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចអាហ្វហ្គានីស្ថានកំពុងដួលរលំ… ធនាគារកំពុងបិទ ហើយសេវាកម្មសំខាន់ៗដូចជាការថែទាំសុខភាពត្រូវបានផ្អាកនៅកន្លែងជាច្រើន”។
ជាមួយគ្នានេះ លោក ហ្គូដទែរែស បានស្នើឱ្យសហគមន៍ពិភពលោក តាមរយៈអង្គការអន្តរជាតិចាក់បញ្ចូលសាច់ប្រាក់ដែលនឹងទៅដល់ប្រជាជននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក ហ្គូដទែរែស បន្ថែមទៀតថា លោកមានការព្រួយបារម្ភខ្លាំង ជាពិសេសនៅពេលឃើញការសន្យាដែលបានធ្វើឡើងចំពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថានដោយពួកតាលីបង់ត្រូវបានរំលោភបំពាន។ លោកបានអំពាវនាវយ៉ាងខ្លាំងដល់អ្នកគ្រប់គ្រងឥស្លាម ដើម្បីធានាសិទ្ធិស្ត្រីក្នុងការអប់រំ និងការងារ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានព្រមានដែរថា ប្រសិនបើសហគមន៍ពិភពលោកមិនជួយទេនោះ ប្រជាជនអាហ្វហ្គានីកាន់តែច្រើននឹងរត់ចេញពីផ្ទះរបស់ពួកគេ ហើយបណ្តាញភេរវករក៏នឹងកើនឡើងផងដែរ៕