សៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រាសាទអង្គវត្តគឺជាចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន គឺការអភិវឌ្ឍ និងការអភិរក្ស។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា សម្ដេចធិបតីមានប្រសាសន៍ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ព្រលានយន្ដហោះនេះ គឺជាប្រវត្តិសាស្ដ្រមួយ ដែលមានលក្ខណៈទំនើប អាចទទួលបានជើងយន្ដហោះច្រើន ហើយក៏ជាសមិទ្ធផលមួយ មិនមែនសម្រាប់តែបច្ចុប្បន្ន ប៉ុន្ដែជាការត្រៀមលក្ខណៈសម្រាប់អនាគត។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ការសម្រេចចិត្តកសាងព្រលានយន្ដហោះថ្មីនៅទីនេះ ប្ដូរពីទីតាំងចាស់ កន្លងទៅមានបងប្អូនមានការចាប់អារម្មណ៍ ថាហេតុអ្វីបានជាយើងចាំបាច់លើកព្រលានយន្ដហោះមួយ៥គីឡូពីអង្គរ មកដល់៥០គីឡូពីអង្គរ ការរៀបចំ និងជ្រើសរើសទីតាំង គឺផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ គឺការរៀបចំអភិវឌ្ឍន៍នៅទីនេះ គឺជាមិត្តរូបនៃការរុញការងារពីរ រួមមាន ៖ ទីមួយ គឺការអភិវឌ្ឍ ទីពីរ គឺការអភិរក្ស ត្រូវដើរទន្ទឹមគ្នា»។

សម្ដេចរៀបរាប់ថា ការអភិវឌ្ឍ គឺការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបដែលព្រលាននៅទីនេះ ដោយចាត់ទុកថា «ព្រលានយន្ដហោះទំនើប» នឹងត្រៀមការហោះហើរច្រើនជើង។ ចំពោះការអភិរក្ស គឺជាការរក្សាកេរតំណែលរបស់ដូនតាខ្មែរ។ សម្ដេចលើកឡើងថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គឺបានបង្ហាញពីចំណងទំនាក់ទំនងដែកថែបដ៏លេចធ្លោររវាងកម្ពុជា និងចិន។

សូមរំលឹកថា ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ មិនតែប៉ុណ្ណោះ  ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ