អ៊ីស្រាអែល៖ កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអែលបានប្រកាសថាយន្តហោះចម្បាំងរបស់ពួកគេបានទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ក្រុមឧទ្ទាមហាម៉ាស់នៅតំបន់ហ្កាហ្សា ជាការឆ្លើយទៅនឹងការបង្ហោះប៉េងប៉ោងផ្ទុកជាតិផ្ទុះចេញពីតំបន់នេះ ដែលបានបង្កឱ្យមានអគ្គីភ័យនៅដីវាលមួយកន្លែងនៅភាគខាងត្បូងអ៊ីស្រាអែល។នេះយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters៕

មិនមានរបាយការណ៍ភ្លាមៗ អំពីការស្លាប់និងរបួសនៅក្នុងការវាយប្រហារតាមអាកាសទៅលើគោលដៅដែលយោធាអ៊ីស្រាអែលបាននិយាយថាជាកន្លែងផលិតអាវុធ និងទីតាំងបាញ់គ្រាប់រ៉ុក្កែតដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស។

ចាប់តាំងពីបទឈប់បាញ់ ដែលសម្របសម្រួលដោយអេហ្ស៊ីប បានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១១ ថ្ងៃរវាងអ៊ីស្រាអែល និងហាម៉ាសកាលពីខែឧសភា ក្រុមឧទ្ទាមតំបន់ហ្កាហ្សានេះជារឿយៗបានបង្ហោះប៉េងប៉ោងផ្ទុកជាតិផ្ទុះទៅកាន់អ៊ីស្រាអែល ដោយបង្កឱ្យមានការវាយប្រហារសងសឹកពីអ៊ីស្រាអែលវិញ។

យ៉ាងណាមិញ ក្រុមហាម៉ាសបាននិយាយថាការបង្ហោះប៉េងប៉ោងទាំងនេះគោលបំណងដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបន្ធូរបន្ថយការរឹតបន្តឹងការចេញចូលតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យជំនួយទៅដល់ទឹកដីពួកគេ។

លើសពីនេះទៅទៀត អំពើហិង្សាឆ្លងដែនបានកើនឡើងបើទោះបីជាមានការប្រកាសដោយអ៊ីស្រាអែលកាលពីសប្តាហ៍មុនអំពីការអនុញ្ញាតឱ្យបន្តការផ្ដល់ជំនួយដោយកាតាទៅហ្កាហ្សាក៏ដោយ។ កាលពីថ្ងៃសៅរ៍ប៉ូលិសបានធ្វើការបាញ់គ្រាប់ពិតទៅកាន់បាតុកម្មរៀបចំដោយហាម៉ាសនៅតំបន់ព្រំដែន ធ្វើឱ្យជនជាតិប៉ាឡេស្ទីនចំនួន ៤១នាក់រងរបួសក្នុងនោះ ២នាក់រងរបួសធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ