វ៉ាស៊ីនតោន៖  ស្របពេលវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងតែបង្ហាញវត្ដមាន នៅតាមរដ្ឋចំនួន៣៦ នៅក្នុងចំណោមទាំង៥០របស់សហរដ្ឋអាមេរិក បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន ត្រូវតែទៅចាក់វ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩ ដើម្បីរក្សាជីវិតរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី១៧ ធ្នូ ២០២១៕

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ បានព្រមាន អំពីការផ្ទុះឡើង នៃវីរុស Omicron នៅក្នុងរដូវរងា។ ជាមួយនឹងការព្រមាននោះ លោកប្រធានាធិបតី បានជំរុញដល់ប្រជាពលរដ្ឋណា ដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវតែទៅចាក់វ៉ាក់សាំង ព្រោះថា ការបដិសេធនូវការចាក់វ៉ាក់សាំង នឹងនាំឲ្យពួកគេឆ្លងជំងឺដ៏កាចសាហាវនេះ ហើយអាចត្រូវធ្លាក់ខ្លួនឈឺធ្ងន់ ហើយអាចស្លាប់ថែមទៀតផង។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញពីតម្រុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពីមូលហេតុ នៃការឆ្លងវីរុសបំប្លែងខ្លួន Omicron យ៉ាងឆាប់រហ័ស ខណៈក្រុមអ្នកជំនាញវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យហុងកុង រាយការណ៍ ថា វីរុសបំប្លែងខ្លួនថ្មីនេះ កើនឡើង ប្រហែល៧០ដង នៅក្នុងជាលិកាផ្លូវដង្ហើមរបស់មនុស្ស ក្រោយការឆ្លង ពោលគឺវាឆ្លងលឿនជាងវីរុស Delta ទៅទៀត។

ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បានប៉ាន់ប្រមាណ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ថា ហានិភ័យ នៃការចម្លងវីរុសបំប្លែងខ្លួនថ្មី Omicron គឺឆ្លងខ្ពស់ជាង Delta  ចំនួន៣ដង។ ចំណែកវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដូច អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា វាត្រូវគេចាត់ទុកជាវីរុសបំប្លែងខ្លួនឆ្លងលឿនបំផុត។

រហូតមកដល់ពេលនេះ  វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) កំពុងតែមានវត្ដមាន នៅតាមរដ្ឋយ៉ាងតិច ចំនួន៣៦ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក៕

គួររម្លឹកថា អង្គការសុខភាពពិភពលោក បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ប្រហែលជាមានវត្តមាន នៅក្នុងប្រទេសជាច្រើនទៀត នៅលើពិភពលោក។ ករណីដ៏ធ្ងន់ធ្ងរ នៃការឆ្លងវីរុស Omicron នេះ ត្រូវបានរកឃើញ នៅក្នុងប្រទេសចំនួន៧៧ គិតត្រឹម ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ