ប៉េកាំង៖ ប្រទេសចិនបានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដោយនិយាយថា ការចំណាត់ការនេះ គឺ “គ្មានប្រយោជន៍” ក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ ហើយនឹងធ្វើឱ្យអារម្មណ៍នៃការប្រឈមមុខកាន់តែពុះកញ្ជ្រោល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN កាលពីថ្ងៃទី១៤ មករា ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី ដោយប្រទេសណាមួយលើប្រទេសផ្សេងទៀតស្របតាមច្បាប់ក្នុងស្រុករបស់ខ្លួន។ ទន្ទឹមនេះ លោក វ៉ាង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធត្រូវប្រយ័ត្នប្រយែងក្នុងពាក្យសម្ដី និងទង្វើរបស់ខ្លួន ហើយខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាស្ថិរភាពស្ថានការណ៍ និងកសាងទំនុកចិត្ត ហើយរួមគ្នាលើកកម្ពស់ការដោះស្រាយនយោបាយនៃបញ្ហាឧបទ្វីបនេះ។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការប្រកាសរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ នេះជាលើកទីមួយហើយដែលរដ្ឋបាលលោក បៃដិន បានដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។ 

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះបានកើតឡើងបន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ រួមទាំងពីរគ្រាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ