កូឡាឡាំពួរ៖ សហរដ្ឋអាមេរិកកំពុងពិចារណាវិធានការថ្មី ដើម្បីដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា ឱ្យត្រឡប់ទៅរក “គន្លងប្រជាធិបតេយ្យ” នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងការបរទេសលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBangkok Postនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វានឹងមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសប្តាហ៍ និងខែខាងមុខ ដើម្បីពិនិត្យមើលថាតើជំហាន និងវិធានការបន្ថែមអ្វីខ្លះដែលយើងអាចអនុវត្តជាបុគ្គល និងជារួម ដើម្បីដាក់សម្ពាធដល់របបនេះឱ្យដាក់ប្រទេសឡើងវិញនៅលើគន្លងប្រជាធិបតេយ្យ”។ 

លោក Blinken ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល "យ៉ាងសកម្ម" ថាតើការប្រព្រឹត្តលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មូស្លីម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា អាច "បង្កើតជាអំពើប្រល័យពូជសាសន៍" ដែរឬទេ។ក្រុមនេះប្រឈមមុខនឹងការរើសអើងយ៉ាងទូលំទូលាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែសក្នុងឆ្នាំ ២០១៧ បន្ទាប់ពីមានការបង្ក្រាបដោយយោធា។

សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីខែកុម្ភៈ នៅពេលដែលរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាទម្លាក់ចេញពីអំណាច រដ្ឋប្រហារបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស ក្នុងនោះរបបយោធាបានឆ្លើយតបជាមួយនឹងការបង្រ្កាបយ៉ាងឃោរឃៅ ដែលបានធ្វើឱ្យមនុស្សជាង ១,៣00 នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមអ្នកឃ្លាំមើលក្នុងតំបន់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ