ផ្ល័ររីដា៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការបើកដំណើរការបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកមានឈ្មោះថា «TRUTH Social» ឬ «សង្គមពិត» ដែលត្រូវបានរំពឹងថានឹងធ្វើឡើងនាខែក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២១ តុលា ២០២១ ៕

លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា« ខ្ញុំបានបង្កើត TRUTH Social និង TMTG (Trump Media & Technology Group) ដើម្បីក្រោកឈរឡើងប្រឆាំងនឹងអំណាចផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Facebook, និង Twitter ជាដើម)»។ 

លោក ត្រាំបន្តថា ខ្ញុំពិតជារំភើបក្នុងការផ្ញើការពិតដំបូងរបស់ខ្ញុំ នៅលើបណ្តាញសង្គម TRUTH Social ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ បន្ថែមទៀតថា យើងរស់នៅក្នុងពិភពលោកដែលតាលីបង់មានវត្តមានយ៉ាងច្រើននៅលើបណ្តាញសង្គម Twitter ប៉ុន្តែប្រធានាធិបតីអាមេរិកនៅតែរក្សាភាពស្ងប់ស្ងាត់គឺជារឿងដែលមិនអាចទទួលយកបានទេ។

សូមរំលឹកផងដែរថា ទាំងគណនី Facebook YouTube និង Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានបិទខ្ទប់ទាំងអស់ បន្ទាប់ពីបាតុកម្មលុកលុយវិមានកាពីតូល កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានគេស្តីបន្ទោសលោកចំៗថា ជាអ្នកបង្ហោះសារដុតបញ្ឆេះកំហឹងបាតុករទាំងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ