អន្តរជាតិ៖ អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និយាយថា យោធាអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមដែលបាញ់ពីលើដី នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ ដើម្បីបង្កើតឃ្លាំងអាវុធរបស់ខ្លួនជាលើកដំបូងនៅតំបន់នេះចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក ក្នុងបំណងបង្កើនការទប់ទល់ប្រឆាំងនឹងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nikkei  នៅថ្ងៃទី០៤ ធ្នូ ២០២៣។

អ្នកនាំពាក្យ លោក Rob Phillips បានបញ្ជាក់ពីផែនការនេះថា ជម្រើសមីស៊ីលដែលអាមេរិកកំពុងពិចារណា រួមមានមីស៊ីល Standard Missile-6 (SM-6)និងមីស៊ីលគ្រូស Tomahawk។

គេមើលឃើញថា ការដាក់ពង្រាយនេះនឹងធ្វើឡើងជាលើកដំបូង រាប់ចាប់តាំងពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរមធ្យម (INF) បានផុតកំណត់នៅឆ្នាំ ២០១៩។ កតិកាសញ្ញាដែលបានចុះហត្ថលេខាជាមួយសហភាពសូវៀតក្នុងឆ្នាំ ១៩៨៧ មួយនេះ បានហាមប្រាមប្រទេសនានាពីការអភិវឌ្ឍន៍ និងកាន់កាប់មីស៊ីលបាញ់ពីដី ដែលមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ ទៅ ៥ ៥០០ គីឡូម៉ែត្រ។

យ៉ាងណាមិញ ចិនបានបន្តផលិតមីស៊ីលរយៈចម្ងាយមធ្យម ខណៈអាមេរិកជាប់ក្នុងសន្ធិសញ្ញា INF។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណស្តីពីកម្លាំងយោធារបស់ចិន បច្ចុប្បន្នចិនមានមីស៊ីលចំនួន ១ ៥០០ ដើម ដែលអាចបាញ់បានចម្ងាយពី ១ ០០០-៥ ៥០០ គីឡូម៉ែត្រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ