សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូស វ៉ុក កាលពីថ្ងៃសុក្រសប្ដាហ៍មុនថ្លែងថា យោធាកូរ៉េខាងត្បូងមានសមត្ថភាពវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសកូរ៉េខាងជើង ខណៈការនិយាយបែននេះធ្វើឱ្យទីក្រុងព្យុងយ៉ាងមានការខឹងសម្បារជាខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ មេសា ២០២២។
ជាការឆ្លើយតប ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង អ្នកនាង គីម យូជុង បានចេញមុខអះអាងថា កូរ៉េខាងជើងប្រឆាំងជាដាច់ខាតនឹងសង្រ្គាម ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខយោធា ឬក៏បើកការវាយប្រហារណាមួយ នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងនឹងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ។
យ៉ាងណាមិញ ការព្រមានធ្ងន់ៗរបស់អ្នកនាង គីម យូជុង ខាងលើនេះ ធ្វើឡើងតាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះជាមួយការសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានបង្កកំហុសមួយដ៏ធំ នោះគឺការអត្ថាធិប្បាយថ្មីៗនេះពីការវាយប្រហារលើកូរ៉េខាងជើង៕RT