កងទ័ពអ៊ុយក្រែន វាយរំដោះទឹកដីទំហំ៦០០០គីឡូម៉ែត្រការ៉េ ពីរុស្ស៊ី លឿនដូចផ្លេកបន្ទោរ
រដ្ឋធានីកៀវ៖ ជាមួយនឹងជំនួយគ្រឿងយុទ្ធោបករណ៍ទំនើបៗ មកពីបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត បាន និង កំពុងតែលើកទឹកចិត្តដល់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ឲ្យមានភាពអង់អាចក្លាហាន កាន់តែខ្លាំងឡើង វាយប្រយុទ្ធតាមយុទ្ធសាស្រ្ដដែលបានគ្រោងទុក នៅក្នុងសមរភូមិ រហូតរំដោះទឹកដីរបស់ខ្លួន ចេញពីការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី រហូតដល់ ៦ ០០០គីឡូម៉ែត្រការ៉េ នៅក្នុងរយៈពេលយ៉ាងឆាប់បំផុត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៣ កញ្ញា ២០២២។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា កងទ័ពរបស់គាត់ បានរំដោះទឹកដី ពីកម្លាំងទាហានរុស្ស៊ី ទំហំ ៦ ០០០គីឡូម៉ែត្រការ៉េ នៅខែកញ្ញានេះ។ បច្ចុប្បន្ន កម្លាំងការពារទឹកដីរបស់គាត់ កំពុងតែធ្វើឲ្យក្រុងមូស្គូ ទទួលនូវបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងសង្គ្រាម អស់រយៈពេលជិត៧ខែកន្លងមកនេះ។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ នៅក្នុងការថ្លែងសុន្ទរកថាប្រចាំថ្ងៃ កាលពីថ្ងៃចន្ទ ថា «ចាប់តាំងពីចូលមកដល់ខែកញ្ញា នេះ កងទ័ពរបស់យើង បានរំដោះទឹកដីទំហំ ៦ ០០០គីឡូម៉ែត្រការ៉េរួចមកហើយ នៅតំបន់ភាគខាងកើត និង ភាគខាងត្បូង។ កងទ័ពរបស់យើង កំពុងតែបន្ដប្រយុទ្ធ ទៅកាន់តំបន់ផ្សេងៗទៀត»។
កងទ័ពអ៊ុយក្រែន ទទួលបានជ័យជម្នះ ជាថ្មីបន្ថែមទៀត កាលពីថ្ងៃចន្ទ ដោយការវាយបក រុញច្រានកម្លាំងទាហានរុស្ស៊ី នៅគ្រប់សមរភូមិប្រយុទ្ធ ទៅកាន់តំបន់ព្រំដែន ភាគឦសាន ប្រទេស ហើយបានចាប់ខ្លួនទាហានរុស្ស៊ី ជាច្រើននាក់ថែមទៀត។ ប្រតិបត្ដិការសឹករបស់កងទ័ពអ៊ុយក្រែន បន្ដវាយរុលទៅមុខយ៉ាងលឿន ដូចផ្លេកបន្ទោរ បង្ខំឱ្យកម្លាំងទាហានរបស់ក្រុងម៉ូស្គូ បន្ដដកថយយ៉ាងឆាប់រហ័ស ចេញពីមុខព្រួយប្រយុទ្ធយ៉ាងខ្លាំងក្លាទាំងនោះ។