រដ្ឋធានីកៀវ៖ ការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងការពារទឹកដីអ៊ុយក្រែន និង ក្រុងមូស្គូ អស់រយៈពេល២០៣ថ្ងៃកន្លងមកនេះ បានឈានដល់ដំណាក់កាលថ្មីមួយទៀត ដោយមើលឃើញថា កងទ័ពរបស់ក្រុងកៀវ កំពុងតែសម្រុកវាយរុលទៅមុខ ទម្លុះចូលជ្រៅទៅក្នុងខ្សែបន្ទាត់សមរភូមិរបស់រុស្ស៊ី ដើម្បីរំដោះទឹកដីរបស់ពួកគេ យកមកគ្រប់គ្រងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ កញ្ញា ២០២២។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា រហូតមកដល់ខែកញ្ញា នេះ កងទ័ពរបស់គាត់ បានរំដោះទឹកដី ពីកម្លាំងទាហានរុស្ស៊ី បានទំហំ ៨ ០០០គីឡូម៉ែត្រការ៉េ ដោយដណ្ដើមបានតំបន់ភាគឦសាន នៃទីក្រុងខាគីវ (Kharkiv) ទាំងស្រុង។
លោកប្រធានាធិបតី បានបន្ថែមថា «វិធានការស្ថិរភាព ត្រូវបានបញ្ចប់ នៅត្រឹមពាក់កណ្តាល នៃទឹកដីនោះ ហើយនៅទូទាំងតំបន់រំដោះនោះ គឺវិធានការរក្សាស្ថិរភាព កំពុងតែដំណើរការ។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតី បានជំរុញឲ្យបណ្ដាប្រទេសបស្ចិមលោក ត្រូវតែបង្កើនល្បឿន ផ្គត់ផ្គង់គ្រឿងសព្វាវុធ និង អំពាវនាវដល់សម្ពន្ធមិត្ត ត្រូវតែបង្កើននូវកិច្ចសហប្រតិបត្ដិការ ដើម្បីយកជ័យជម្នះ លើប្រទេសរុស្ស៊ី៕