អង់គ្លេស ៖ Liverpool បានរងបរាជ័យជាលើកទី២ ក្នុង Premier League រដូវកាលឆ្នាំ២០២០-២០២១ នៅពេលប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ១-០ នៅរាត្រីថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

កីឡាករខ្សែប្រយុទ្ធ Danny Ings ជាអ្នកឆ្កិះបាល់ផុតដៃអ្នកចាំទី Alisson Becker ដែលជាបាល់ចូលទីតែ ១គ្រាប់ប៉ុណ្ណោះត្រឹមចាប់ផ្តើមលេងបាន ២នាទីប្រចាំសប្តាហ៍ទី១៧ ជើងទី១ នៅលីគកំពូលអង់គ្លេស Premier League ដែលធ្វើឲ្យក្រុមរបស់លោក Jurgen Klopp ស្គាល់រសជាតិចាញ់ជាលើកទី២ ក្នុងរដូវកាលនេះផងដែរក្នុងនាមជាក្រុមការពារតំណែងជើងឯក។

នេះក៏ជាគ្រាប់ទី៥០ របស់ខ្សែប្រយុទ្ធអង់គ្លេស Danny Ings ពីការចូលលេងបាន ៣៦ប្រកួតឲ្យក្លិប Southampton ផងដែរ នៅពេលដែល Top scorer ខ្សែប្រយុទ្ធ Mohamed Salah មិនអាចរគគ្រាប់បាល់បានបន្ថែម។

ក្រុមខ្លាំងប្រចាំទីក្រុង Liverpool នៃប្រទេសអង់គ្លេសមួយនេះ មានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៦៧ទល់នឹង ៣៣ភាគរយ ពីការដាក់កីឡាករពេញជើងទៀតសោត នៅតែមិនអាចទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះបាន។ 

តែយ៉ាងណាក្រុមហង្សក្រហមមួយនេះនៅបន្តគ្រប់គ្រងតំណែងកំពូលតារាងដដែលពី ៣៣ពិន្ទុស្មើក្រុមលេខ បិសាចក្រហម Manchester United ដែលពួកគេ (Man Utd) នៅសល់ ១ប្រកួតក្នុងដៃ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ