សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកមកវិញនូវដីទន្រ្ទាន់ដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ នៅបឹងទន្លេសាប
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋរស់នៅបឹងទន្លេសាប មិនត្រូវរុះរើសទៅណាឡើយ ដោយឱ្យពួកគាត់រស់នៅបន្ដទៀត, គ្រាន់យកមកវិញនូវដីទន្រ្ទាន់ដោយអ្នកមានអំណាច ឬជនខិលខូចទាំងឡាយ ហើយត្រូវដាំកូនឈើឡើងវិញផងដែរ។
នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករ ចំនួន ៣៤៦០គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងដំណើរជួបសំណេះសំណាលជាមួយមន្ដ្រីរាជការទាំងអស់ នៅជុំវិញបឹងទន្លេសាប សម្ដេច បានចេញបទបញ្ជាឱ្យយកចិត្តទុកដាក់មើលការខុសត្រូវ និងរៀបចំជូនប្រជាពលរដ្ឋ រស់នៅតំបន់បឹងទន្លេសាប។
សម្ដេចតេជោ បន្ដថា មានប្រជាពលរដ្ឋខ្លះ រស់នៅតំបន់បឹងទន្លេសាបរាប់រយឆ្នាំមកហើយ ទោះបីនៅតំបន់២ ឬតំបន់៣ ក៏អាចសម្រួលឱ្យប្រជាពលរដ្ឋរស់នៅកន្លែងនោះដែរ។ សម្ដេច ណែនាំឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចការងារនេះជាមួយបណ្ដាខេត្តជុំវិញបឹងទន្លេសាប ឱ្យហើយមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣។
សម្ដេចតេជោ បន្ថែមថា ការដោះស្រាយបញ្ហាបឹងទន្លេសាបនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានស្ថេរភាព នៅក្នុងការកសាងជីវភាពរស់នៅ។ លើសពីនេះ សម្ដេច ក៏ទទួលស្គាល់កំហុស ក្រោយចុះហត្ថលេខាលើអនុក្រិដ្ឋ កាលពីឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ ដោយរៀបចំតែតំបន់៣ តំបន់២ និងតំបន់១ បន្ទាប់មកទៀត សម្ដេច រកឃើញវិធីសាស្ដ្រ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅផង និងថែទាំងបឹងទន្លេសាបបានផងដែរ។
សម្ដេចតេជោ បញ្ជាក់ថា «យើងរកវិធីសាស្រ្ត ដើម្បីឱ្យពលរដ្ឋអាចរស់នៅបានផង និងយើងថែទាំបឹងទន្លេសាបបានផង។ ចឹងតំបន់ដែលប្រជាជនធ្លាប់រស់នៅ ឱ្យពួកគាត់រស់នៅបន្ដទៀតទៅ តែកុំរើសគាត់ចេញ ព្រោះកន្លែងនោះ ខ្ញុំនៅចាំបាន កន្លែងខ្លះ ខ្ញុំទៅធ្វើសាលាកន្លែងហ្នឹងទៅទៀត កន្លែងខ្លះធ្វើសាលាឱ្យផុតពីទឹក កន្លែងខ្លះធ្វើសាលាបណ្ដែទឹកទៅទៀត ចឹងយកគាត់ទៅណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរបស់យើងរស់នៅដោយមិនប្រកដវិជ្ជា តើអាញរស់នៅកន្លែងណាទៀត?»។
សម្ដេចតេជោ បន្ដថា «ថ្ងៃនេះខ្ញុំ បញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេសាប ប៉ុន្ដែ ខ្ញុំគ្រាន់តែសូមត្រឡប់យកមកវិញនូវដីដែលទន្រ្ទាន់ដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិកចាស់តែប៉ុណ្ណោះ ហើយយើងត្រូវកូនឈើឡើងវិញ ដើម្បីឱ្យទៅជាព្រៃលិចទឹកសម្រាប់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំកាប់ព្រៃលិចទឹកបន្ដទៀត។ សម្ដេច រំលឹកថា សម្ដេច ធ្លាប់ដាក់ចេញបទបញ្ជាថា បើនៅក្នុងតំបន់៣ កាន់ដីឱ្យពួកគាត់ ដើម្បីឱ្យទទួលផលលើផ្ទៃដី ១០០០ហិកតា ក្រោយមកទៀត សម្ដេច ក៏ផ្ដល់ដី ១០ភាគរយៈបន្ថែមទៀត។ សម្ដេច ចាត់ទុកថា ការធ្វើដូចនេះ ជាការដោះស្រាយរយៈពេលវែង ព្រមទាំងដាក់ចេញក្របខណ្ឌគោលនយោបាយបឹងទន្លេសាប ផងដែរ។ សម្ដេច ថា ម្ខាងត្រូវរក្សាបឹងទន្លេសាបឱ្យបាន ម្ខាងទៀត ក៏ត្រូវគិតគូរដល់ប្រជាជន ដែលពួកគាត់រស់នៅរាប់រយឆ្នាំមកហើយ៕EB