ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា បានណែនាំរដ្ឋាភិបាលរបស់លោកបញ្ឈប់ការធ្វើពាណិជ្ជកម្មរបស់អ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៧ មេសា ២០២២។
សេចក្តីថ្លែងការណ៍ខាងលើនេះបានបន្ថែមទៀតថា តាមពិតទៅ ប្រតិបត្តិការនាំចូល និងនាំចេញរវាងអ៊ុយក្រែន-រុស្ស៊ីត្រូវបានបញ្ចប់ទាំងស្រុង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមកម្ល៉េះ។
យោងតាមសេវាសារពើពន្ធរបស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា អ៊ុយក្រែនបានទទួលកំណើន ៣៨.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីក្នុងឆ្នាំ២០២១ ជាមួយនឹងតម្លៃ ១០.០៩ពាន់លានដុល្លារ។
រីឯការនាំចេញ បានកើនឡើង ២៦.៥ភាគរយ ដល់តម្លៃ ៣.៤៤ពាន់លានដុល្លារ ខណៈដែលការនាំចូលវិញ កើនឡើង ៤៥.៩ភាគរយដល់តម្លៃ ៦.៦៥ពាន់លានដុល្លារ៕RT