អន្តរជាតិ៖ អ្នកការទូតនៅស្ថានទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ាបានអះអាងថា លោក Toru Kubota ត្រូវបានតុលាការកាត់ទោសដាក់គុក Insein នៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃពុធ ខណៈការកាត់ក្ដីអ្នកផលិតខ្សែភាពយន្តរូបនេះ ជុំវិញសំណុំរឿងបំពានច្បាប់អន្តោប្រវេសន៍ នៅតែបន្តនៅឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asian នៅថ្ងៃ០៦ តុលា ២០២២។
លោក Kubota វ័យ ២៦ ឆ្នាំ ត្រូវបានចាប់ឃុំខ្លួន នៅក្បែរកន្លែងប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលនៅទីក្រុងយ៉ាំងហ្គោន កាលពីខែកក្កដារួមជាមួយពលរដ្ឋមីយ៉ាន់ម៉ា២នាក់ផ្សេងទៀត។ ដំបូងឡើយ លោកត្រូវបានយោធាមីយ៉ាន់ម៉ា ចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្ម ពីបទលើកទឹកចិត្តឱ្យមានការប្រឆាំងនឹងយោធា និងបំពានលើច្បាប់អន្តោប្រវេសន៍ ដែលប្រភពការទូតជប៉ុនអះអាងថា នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ ជុំវិញការកាត់ក្ដីនេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនបានបញ្ចេញការបកស្រាយយ៉ាងណាទេ។