បារាំង៖ តុលាការបារាំងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានកាត់ទោសបុរសម្នាក់ដែលបានទះកំផ្លៀងប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅចំពោះមុខមហាជននៅក្នុងសប្តាហ៍នេះ អោយជាប់ពន្ធធនាគាររយៈពេល៤ខែ ៕ នេះបើយោងតាមសារព័ត៌មាន France24 ចុះផ្សាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ។
លោក Damien Tarel អាយុ២៨ឆ្នាំក៏ត្រូវបានផ្តល់ការព្យួរទោសរយៈពេល១៤ខែបន្ថែមទៀតផងដែរ ។ បន្ថែមលើនេះ លោក Tarel ក៏ត្រូវបានហាមឃាត់មិនអោយធ្វើការក្នុងការិយាល័យសាធារណៈ និងមិនអោយកាន់កាប់អាវុធរយៈពេល៥ឆ្នាំផងដែរ ។
លើសពីនេះទៅទៀត លោក Damien Tarel បានប្រាប់តុលាការទីក្រុង Valence ថា ទង្វើរបស់គាត់ គឺមិនបានគ្រោងទុកជាមុនទេ និងកើតឡើងដោយសារតែកំហឹងចំពោះការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសបារាំង ៕ RT