គណៈកម្មការអឺរ៉ុប កំពុងស្វែងរកការបញ្ចប់គម្រោងលិខិតឆ្លងដែនមាស បញ្ឈប់ការលក់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី និងបេឡារុស្ស
ក្រុងប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុបបានអំពាវនាវដល់រដ្ឋាភិបាលសហភាពអឺរ៉ុបនៅថ្ងៃចន្ទ ២៨ មីនា ឱ្យបញ្ចប់កម្មវិធីជាតិដើម្បីលក់សញ្ជាតិទៅឱ្យអ្នកវិនិយោគ ដែលត្រូវបានគស្គាល់ថាជាគម្រោងលិខិតឆ្លងដែនមាស ហើយបានជំរុញឱ្យពួកគេផ្អាកការលក់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី និងបេឡារុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៨ មីនា ២០២២។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការជំរុញថ្មីមួយពីសភាអ៊ឺរ៉ុប ដើម្បីបង្រួម និងគ្រប់គ្រងឧស្សាហកម្មសញ្ជាតិ និងទិដ្ឋាការដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលសហភាពអឺរ៉ុបបានចាត់ទុកថាជាហានិភ័យសន្តិសុខជាយូរមកហើយ។
វាកើតឡើងចំពេលមានការព្រួយបារម្ភថា ប្រជាជនដែលរងគ្រោះដោយការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អាចជាអ្នកកាន់ទិដ្ឋាការមាស ឬលិខិតឆ្លងដែនរបស់សហភាពអឺរ៉ុប។
គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូហៅថាជាប្រតិបត្តិការពិសេស សហភាពអឺរ៉ុបបានចុះបញ្ជីខ្មៅអ្នកនយោបាយ អ្នកជំនួញ និងបុគ្គលិកយោធាកំពូលជិត 700 នាក់ដែលត្រូវបានចោទប្រកាន់ថាគាំទ្រវិមានក្រឹមឡាំង។RT