លោកចូ បៃដិន និងលោក ស៊ី ជិនពីង សន្យាប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងកោះតៃវ៉ាន់ ស្របពេលដែលភាពតានតឹងរវាងចិន និងតៃវ៉ាន់កាន់តែកើនឡើង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោក ស៊ី ជិនពីង ស្តីអំពីស្ថានការណ៍កោះតៃវ៉ាន់ ហើយនៅក្នុងនោះមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀងកោះតៃវ៉ាន់ ស្របពេលដែលភាពតានតឹងរវាងចិន និងតៃវ៉ាន់កាន់តែកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ Reuters នៅថ្ងៃទី០៦ តុលា ២០២១៕
ការលើកឡើងអំពីកិច្ចព្រមព្រៀងរបស់លោក ចូ បៃដិន នេះ ប្រហែលជាចង់សំដៅទៅលើគោលនយោបាយចិនតែមួយ ដែលសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងអនុវត្តតាមអស់ជាច្រើនទសវត្សរ៍មកហើយដែរ ដោយក្នុងនោះមានចែងថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ហើយនិងការធានាអនាគតរបស់កោះតៃវ៉ាន់ ត្រូវតែដើរលើមាគ៌ាប្រកបដោយសន្តិភាព។
ស្របពេលជាមួយគ្នានោះដែរ លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបាននិយាយជាមួយលោក ស៊ី អំពីតៃវ៉ាន់។ យើងព្រមព្រៀងគ្នា… យើងនឹងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងតៃវ៉ាន់។ យើងបានបញ្ជាក់រឿងនេះច្បាស់ ហើយខ្ញុំគិតថា លោក ស៊ី គួរតែធ្វើអ្វីៗគ្រប់យ៉ាងដោយប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង។ យ៉ាងណាក៏ដោយ ភាគីចិនមិនទាន់បញ្ចេញព័ត៌មានអំពីកិច្ចសន្ទនានេះនៅឡើយទេ៕
គួររម្លឹកថា ការប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាការទូតនិងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន តៃវ៉ាន់និងសហរដ្ឋអាមេរិកតែងតែរក្សាបណ្តាញទំនាក់ទំនងជិតស្និទ្ធនិងរលូន។RT